(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកហ្វីលីពីន មកបំពេញទស្សនកិច្ចនៅកម្ពុជា, លោកឧត្តមសេនីយ៍ឯក ROY M CALlDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូអញ្ជើញទស្សនា និងសិក្សាស្វែងយល់នូវវិមានឈ្នះឈ្នះ ដើម្បីបានស្វែងយល់បន្ថែមទៀតនូវដំណែលប្រវត្តិសាស្រ្ត ពីជោគជ័យនៃកិច្ចប្រឹងប្រែង នាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សា និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។

នាឱកាសនោះលោកក៏បានជួបពិភាក្សាទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះផងដែរ។

មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញទស្សនានូវស្ថាបត្យកម្មដ៏ល្អឯក ដែលបានបង្ហាញអំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពប្រជាជនពីភាពក្រីក្រមកជាប្រជាជនដែលមានចំណូលមធ្យមកម្រិតទាប និងឈានដល់កម្រិតខ្ពស់ នាពេលខាងមុខ។

បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ការអញ្ជើញមកទស្សនាវិមានឈ្នះឈ្នះ នាពេលនេះ ដើម្បីបានដឹងកាន់តែច្បាស់ថែមទៀត នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ដែលបានធ្វើឱ្យបញ្ចប់សង្រ្គាមនៅកម្ពុជា ហើយទទួលបាននូវសន្តិភាពដ៏ពេញលេញដូចសព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ក្រោយពីសំណង់ប្រវត្តិសាស្រ្ត ឬសំណង់រយឆ្នាំដ៏អស្ចារ្យមួយនេះ កើតឡើងទើបតែបានជាង៥ឆ្នាំតែប៉ុណ្ណោះ មានប្រជាជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក បានមកទស្សនាជាហូរហែរ៕