(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង បានបើកប្រតិបត្តិការបង្ក្រាបករណីលួចម៉ូតូ និងកាប់ប្លន់ ២ករណីផ្សេងគ្នា ដោយចាប់ខ្លួនបានជនសង្ស័យសរុបចំនួន៧នាក់ ក្នុងនោះករណីលួចចំនួន៥នាក់ និងករណីកាប់ប្លន់ចំនួន២នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះលទ្ធផលនៃការបង្ក្រាបករណីលួចម៉ូត ដែលបង្កដោយមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ក្រោយពួកគេធ្វើសកម្មភាពបានសម្រេចចំនួន៣ករណី។

*ករណីទី១៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1GF-1712 ប្រព្រឹត្តនៅចំណុចក្នុងក្រសួងសុខាភិបាលអគាលេខ៨០ ផ្លូវលេខ២៨៩ ក្រុម១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤

*ករណីទី២៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1DF-0273 ប្រព្រឹត្តនៅចំណុចក្នុងក្រសួងព័ត៌មាន អគារAKP ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤

*ករណីទី៣៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1FR-6946 ប្រព្រឹត្តនៅចំណុចក្នុងវត្តសំពៅមាស ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

លោកបានអះអាងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងផ្លូវជាតិលេខ៣ ភូមិអង្គក្រឡាញ់ ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ

ជនសង្ស័យទាំង៣នាក់ រួមមានឈ្មោះ សន ធី អាយុ៦២ឆ្នាំ, ឈ្មោះ ផាន់ វណ្ណា ហៅវែង អាយុ៤៤ឆ្នាំ និងឈ្មោះ មា វណ្ណី ហៅនី អាយុ៤៤ឆ្នាំ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកំពត1U-2492, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1FR-6946 និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខព្រៃវែង1H-1648។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការតាមនីតិវិធី។

ដោយឡែក ករណីប្រើកាំបិតដេញកាប់ប្លន់វិញ បានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖៣០នាទីទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួន។

ជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ រ៉ា ស៊ីណា ហៅរ៉ា អាយុ២៧ឆ្នាំ និងឈ្មោះ ញ៉ក់ បញ្ញា ហៅរ៉ាក់ អាយុ១៩ឆ្នាំ។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម (ពាក់ផ្លាកលេខក្លែងបន្លំភ្នំពេញ1HH-1837) ជាផលនៃបទល្មើស, សោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូ១ដើម និងសម្ភារមួយចំនួន។ ចំពោះករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី។

ដោយឡែក មួយករណីផ្សេងទៀត កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានចោរប្រុសស្រី២នាក់ ពាក់ព័ន្ធករណីលួចចំនួន៦ករណីដែលពួកគេធ្វើសកម្មភាពបានសម្រេច នៅភូមិសាស្ដ្រខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ ជនសង្ស័យទាំង២នាក់នេះ ធ្លាប់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឡើងផ្ទះលួចលុយ និងគ្រឿងអាល័ង្កា) ចំនួន៦ករណី ក្នុងនោះរួមមាន៖

*ទី១៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង០១៖៤៥នាទីយប់ ជនសង្ស័យបានធ្វើសកម្មភាព លួចយកនាឡិកាដៃ២គ្រឿង និងលុយដុល្លារ២០,០០០ដុល្លារ នៅសង្កាត់ភ្នំពេញថ្មី

*ទី២៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោងប្រហែល០៣៖០០នាទីយប់ នៅចំណុចផ្ទះលេខ១៩៣ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចក្រវិលលោហះពណ៌ស ដាំត្បូង ពណ៌ស១គូរ, អាវុធខ្លី២ដើម (ម៉ាក Glock 19 និងម៉ាក NP)

*ទី៣៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោងប្រហែល០៣៖០៩នាទីយប់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាពលួចយក នាឡិការដៃខ្សែមាសដាំត្បូង០១គ្រឿង, ចិញ្ចៀនចំនួន០៣វង់, ក្រវិល០១គូរ, កន្តោងខ្សែក ចំនួន០១បន្តោង និងលុយដុល្លាចំនួន១៤,០០០ដុល្លារ

*ទី៤៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោងប្រហែល០៣៖៣០នាទី នៅចំណុចគ្មានលេខ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចយកនាឡិការដៃ០១គ្រឿង, កងដៃចំនួន០១វង់ និងកុំព្យូទ័រ០២គ្រឿង។

*ទី៥៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម៉ោងប្រហែល០១៖៣០នាទីយប់ នៅចំណុចលេខ៩៥ ផ្លូវ៥៩២ ក្រុម១១ ភូមិ០២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជនសង្ស័យបានធ្វើសកម្មភាពលួចយកលុយដុល្លាចំនួន១២,០០០ដុល្លារ, ខ្សែកផ្លាទីនដាំត្បូង ចំនួន០១ខ្សែ, ខ្សែដៃដាំពេជ្រ ចំនួន០២ខ្សែ, ចិញ្ចៀនដាំពេជ្រ ចំនួន០៥វង់, កងដៃដាំពេជ្រ ចំនួន០១កង, ក្រវិលដាំពេជ្រ ចំនួន០២គូរ, បន្តោងដាំពេជ្រ ចំនួន០១បន្តោង, ខ្សែដៃផ្លាទីន ចំនួន០១ខ្សែ និងខ្សែដៃផ្លាទីនតូច០១ខែ្ស។

*ទី៦៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២៖០០នាទីរំលងអាធ្រាត្រ នៅចំណុចផ្ទះលេខ២០៥ ផ្លូវ៦៧កា ភូមិក្បាលដំរីទី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានធ្វើសកម្មភាព លួចយកលុយចំនួន៤២,០០០ដុល្លា, ខ្សែកមាសចំនួន០១ខ្សែទម្ងន់៣តំម្លឹង, បន្តោងព្រះ០១តម្លឹង, នាឡិការដែ០២គ្រឿង ម៉ាក MONTBLAN និងម៉ាក BELLNGTON, កាតធានាគារ, ក្រវិលពេជ្រ០១គូរ, ខ្សែកបន្តោងពេជ្រ០១ខ្សែ, ចិញ្ជៀនពេជ្រ០១វង់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក និងកាតមន្រ្តីរាជការមួយចំនួនទៀត។

ក្នុងប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន គ្រឿងអលង្ការ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕