(អាមេរិក)៖ តារាសម្ដែងបារំាងមួយរូប នាង Marion Cotillard បានបដិសេធ ថានាងមិនមាន ជាប់ពាក់ព័ន្ធអ្វីឡើយ ជុំវិញការសម្រេចចិត្តចែកផ្លូវគ្នារវាងនាង Angelina Jolie និង លោក Brad Pitt ហើយនាងក៏សង្ឈឹមដែរថាអ្នកទំាងពីរនេះនឹងអាចស្វែងរកសន្តិភាពនឹងគ្នា ខណៈរូបនាងបានអះអាង ថាខ្លួនកំពុងមានផ្ទៃពោះជាមួយនឹងគូស្នេហ៍។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
ការចេញមុខបកស្រាយរបស់នាង Marion Cotillard ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីតារាសម្ដែង ហូលីវូត នាង Angelina Jolie បានដាក់ពាក្យប្ដឹងសុំលែងលះពីលោក Brad Pitt ក្រោមហេតុផល រស់នៅមិន ចុះសម្រុងនឹងគ្នា និង ដើម្បីជាការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលថារូបនាង Marion Cotillard និង លោក Brad Pitt មានទំនាក់ទំនងស្នេហាលួចលាក់នឹងគ្នា។
នាង Marion Cotillard មានអាយុ៤០ឆ្នាំ បាននិយាយនៅក្នុងសារមួយ ដែលត្រូវបានបង្ហោះនៅលើ Instagram ដោយសំដៅទៅលើតារាសម្ដែងបារំាង លោក Guillaume Canet ថា «ពាក្យចចាមអារ៉ាម នៅក្នុងស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សដែលខ្ញុំស្រឡាញ់ ហើយខ្ញុំត្រូវតែ និយាយ»។ នាង Marion បន្ថែមថា «កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបនឹងបុរសម្នាក់នៅក្នុងជីវិតរបស់ខ្ញុំនោះគឺបុរសដែល ជាឪពុកកូនប្រុសរបស់យើង និង កូនដែលពួកយើងកំពុងទន្ទឹមរង់ចំា។ គាត់ជាបុរសតែម្នាក់ដែលខ្ញុំ ស្រឡាញ់ និងជាមិត្តដ៏ប្រសើរបំផុតសម្រាប់ខ្ញុំ ហើយក៏ជាមនុស្សប្រុសតែម្នាក់គត់ដែលខ្ញុំត្រូវការ»។
គួរបញ្ជាក់ថា នាង Marion Cotillard និង លោក Brad Pitt នឹងត្រូវសម្ដែងរួមគ្នានៅក្នុងខ្សែភាពយន្ដមួយ មានចំណងជើងថា Allied ហើយក្រោយពីនោះមក ក៏មានពាក្យលេចឮជាច្រើន ថាអ្នកទាំងពីរមាន លួចលាក់ស្នេហានឹងគ្នា ខណៈគូស្វាមីភរិយា Angelina Jolie កន្លងមកត្រូវបានគ្រប់គ្នាស្ញប់ស្ញែងបំផុត ថារស់នៅដោយសុភមង្គល ដោយមានទាំងទ្រព្យសម្បត្តិ កិត្តិយស និង សុភមង្គលជាមួយកូនៗ៕