(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវបង្ក្រាបករណីដេញកាប់ប្លន់យកម៉ូតូនៅខណ្ឌដង្កោ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៤៖៣០នាទីទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០១គ្រឿង បើកកៀរម៉ូតូជនរងគ្រោះដែលកំពុងជិះគ្នា២នាក់ឲ្យអែបកៀន រួចធ្វើសកម្មភាពដោយប្រើកាំបិតផ្គាក់១ដើម គំរាមកំហែងយាររកកាប់ទៅលើជនរងគ្រោះ ព្រមទាំងស្រែកសម្លុត ធ្វើឲ្យជនរងគ្រោះមានការភិតភ័យ រួចក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យទាំង២នាក់ក៏បានយកម៉ូតូរបស់ជនរងគ្រោះតែម្តង។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួន។
ជនសង្ស័យចំនួន២នាក់ ដែលកម្លាំងជំនាញបង្ក្រាបបានរួមមាន ឈ្មោះ រ៉ា ស៊ីណា ហៅរ៉ា អាយុ២៧ឆ្នាំ និងឈ្មោះ ញ៉ក់ បញ្ញា ហៅ រ៉ាក់ អាយុ១៩ឆ្នាំ។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម (ពាក់ផ្លាកលេខក្លែងបន្លំ ភ្នំពេញ 1HH-1837) ជាផលនៃបទល្មើស, សោច្នៃសម្រាប់កាច់បំបែកសោក ម៉ូតូ១ដើម និងសម្ភារមួយចំនួន។ បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី និងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕