(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា នឹងក្លាយជាអ្នកឧបត្ថម្ភធំ ក្នុងការប្រកួតកីឡាជាតិចំនួនបួនលើក ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២ ដើម្បីឲ្យប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅក្នុងឆ្នាំ ២០២៣។
ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនខ្មែប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រារព្ធឡើងនៅ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ការប្រកួតកីឡាជាតិលើកទី១ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតកីឡាជាតិលើកទី២ ទី៣ និងទី៤ នឹងប្រារព្ធឡើង នៅឆ្នាំ២០១៨ ឆ្នាំ២០២០ និងឆ្នាំ២០២២។
ក្រៅពីស្រាបៀរកម្ពុជាដែលជាអ្នកឧបត្ថម្ភធំ ក្រុមហ៊ុនពីរផ្សេងទៀតគឺ ស៊ីម៉ងត៍អូដ្ឋ និងក្រុមហ៊ុនទូរស័ព្ទ Smart Axiata ក៏បានចូលរួមសហការណ៍ឧបត្ថម្ភព្រឹត្តិការណ៍នេះផងដែរ។
បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករប្រមាណ ៦,០០០នាក់មកពី២៥ ខេត្តក្រុង នឹងចូលរួមប្រកួតក្នុង១៤វិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិខាងមុខនេះ។ វិញ្ញាសារកីឡាទាំង១៤ រួមមានវិញ្ញាសាររត់ប្រណាំង ហែលទឹក តៃក្វាន់ដូ បាល់ទាត់ បាល់បោះ បាល់ទះ វាយប៉េងប៉ុង ប្រដាល់គុនខ្មែរ វាយសី វាយធែននីស បោកចំបាប់ គុនល្បុក្កតោ ប៉េតង់ និងកាយសម្ព័ន្ធ។
លោក ភីតធឺ លាង អគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានលើកឡើងថា «ការឧបត្តម្ភធំរបស់ក្រុមហ៊ុនលើការប្រកួតកីឡាជាតិទាំងបួននេះ មិនត្រឹមតែជាការជួយរួមចំណែក ក្នុងការលើកស្ទួយ វិស័យកីឡាកម្ពុជាយើង និងជួយឲ្យកម្ពុជាមានបទពិសោធន៍រៀបចំការប្រកួតកីឡាធំៗប៉ុណ្ណោះទេ វាក៏ជាការចូលរួមចំណែក ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងវិស័យកីឡាក្នុង ប្រទេសអាចដំណើរការ ទៅបានផងដែរ»។
ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតតែងជួយលើកស្ទួយ វិស័យកីឡាកម្ពុជា ហើយកន្លងមក ក្រុមហ៊ុនបានជួយឧបត្តម្ភការរៀបចំការប្រកួតកីឡាពីរធំៗគឺ កីឡាប្រដាល់គុនខ្មែរ និងកីឡារបាល់ទាត់៕