(កែប)៖ លោក សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប។
ពិធីប្រកាសត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក សោម សឿន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចតែងតាំងលោក ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប។
លោក សោម ពិសិដ្ឋ បានប្តេជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនបំផុត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
តំណាងឲ្យសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តកែប សូមគោរពសម្តែងនូវកតញ្ញូតាធម៌ គោរពដឹងគុណ និងដើរតាមដោយឥតងាករេលើវិថីដឹកនាំ ចង្អុលទិសប្រកបដោយគតិបណ្ឌិតភ្លឺថ្លា មុតស្រួច ច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីដ៏ឆ្នើមរបស់កម្ពុជា៕