(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពសេនាតេជោ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅវិមានឈ្នះឈ្នះ។
បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ពិធីនេះនឹងដឹកនាំដោយផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមកជួបជុំគ្នានៅវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ «គម្រោងព្រែកជីកហ្វូណនតេជោ» ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានឹងមានការវាយជួង ទូងស្គរ និងរគាំងនៅទូទាំងប្រទេស ដើម្បីជាការបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការកសាងនូវគម្រោងដ៏ប្រវត្តិសាស្រ្ត ដែលផ្តល់ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងព្រែកជីកមួយនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួម អបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុង ថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋខ្មែរទាំង ក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពង ដើម្បីឱ្យរាជរដ្ឋាភិបាល សម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មាន សារសំខាន់មួយនេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ ដ៏មហាសាលសម្រាប់កម្ពុជាពោល គឺវាអាចកាត់បន្ថយ រយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ដែលអំណោយផល ដល់ភាពប្រកួតប្រជែង នៃទំនិញកម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។
«ព្រែកជីកហ្វូណនតេជោ» នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀត ដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕