(កំពង់ចាម)៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដឹកនាំដោយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទ ២៧ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត ស្ថិតក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាមដែលប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣នោះ រួមមាន៖ វត្តភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម វត្តពាមកោះស្នា និងវត្តខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ ដោយក្នុង១វត្តៗមានទៀនដើមធំមួយគូ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ៥កេស ទឹកក្រូច១០កេស ត្រីខ១កេស ទឹកត្រី៥កេស ទឹកស៊ីអ៊ីវចំនួន៥កេស មី១កេសធំ ទឹកដោះគោខាប់១កេសធំ ស្ករសទម្ងន់៥គីឡូក្រាម តែទម្ងន់៥គីឡូក្រាម និងបច្ច័យមួយចំនួនផងដែរ។
គួររំលឹកថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ ពុទ្ធបរិស័ទដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕