(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឧបត្ថម្ភសាលាមត្តេយ្យសិក្សាធនធានសោភ័ណ្ឌតេជោ ១ខ្នង មាន៤បន្ទប់ បណ្តោយ២៨ម៉ែត្រ ទទឹង៧.៦០ម៉ែត្រ និងបន្ទប់ទឹកចំនួន៤បន្ទប់ សរុបថវិកាក្នុងការសាងសង់ចំនួន៤៨,០០០ដុល្លារ ស្ថិតក្នុងភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សាលាមត្តេយ្យបានធ្វើពិធីបញ្ចុះបឋមសិលាហើយកាលពីពេលថ្មីៗនេះ ក្រោមវត្តមានលោក ជា គីមឡេង អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល អមដំណើរលោក ឈួន កែវ តំណាងលោក គង់ សោភ័ណ្ឌ។
លោក ឈួន កែវ បាននាំយកថវិការបស់លោក គង់ សោភ័ណ្ឌ ប្រគេនព្រះសង្ឃសរុបស្លាដក់៤ បច្ច័យសរុប៤០០,០០០រៀល ឧបត្ថម្ភអ្នកចូលរួមក្រមាសរុប១០០ ថវិកាសរុប៥០០,០០០រៀល និងចំណាយផ្សេងៗសរុប៣,៩០០,០០០រៀលសរុបថវិការួមចំនួន៤,៨០០,០០០រៀល។
លោក ឈួន កែវ ក៏បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខដល់អ្នកស្រុកខ្សាច់កណ្ដាលផងដែរ ជាមួយនឹងការលើកទឹកចិត្តដល់ឪពុកម្ដាយទាំងអស់ជំរុញឲ្យកូនៗមកសិក្សាឲ្យបានគ្រប់ៗគ្នា ។
សូមជម្រាបថា លោក គង់ សោភ័ណ្ឌ ជាអ្នកស្រុកខ្សាច់កណ្ដាល លោកជាមនុស្សម្នាក់ដែលមានប្រជាប្រិយភាពបំផុតនៅខេត្តកណ្ដាល ទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ពលរដ្ឋទូទាំងខេត្តកណ្ដាល លោកធ្លាប់ជាអភិបាលខេត្តកណ្ដាលដ៏ល្អមួយរូប និងបានឡើងឋានៈជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕