(តាកែវ)៖ សមាគមយុវជននៃស្នាមញញឹមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីមនុស្សធម៌ ក្រោមប្រធានបទរួមគ្នាសាងអំពើល្អ ដើម្បីស្នាមញញឹម សង្គមជាតិយើង នៅវត្តភ្នំបូរី ស្ថិតនៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានគោលបំណងផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងជំរុញលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានល្អ នៅក្នុងសង្គមពិសេសការចូលរួមសាងអំពើល្អនៅក្នុងសង្គម ។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ធី ចរិយា ទីប្រឹក្សាជាន់ខ្ពស់សមាគមតំណាងប្រធានក្រុមប្រឹក្សាភិបាល លោក ឈឹម ធី ទីប្រឹក្សាសមាគម លោក ឈិន ញឹម ប្រធានសមាគម និងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំសមាគម លោកមេឃុំព្រែកផ្ទោល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាភ្នំបូរី សរុបចំនួន ១៣៦នាក់។
ក្នុងនោះដែរលោក ឈឹម ធី បានផ្សព្វផ្សាយអំពី៖
* ១៖ គុណតម្លៃនៃសន្ដិភាព
* ២៖ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។និងសារៈសំខាន់របស់គម្រោងនេះ
* ៣៖ បង្ហាញអំពីតួអង្គសំខាន់ៗទាំង៥ដែលប្អូនៗអាចទទួលបានលទ្ធផលប្រសើរក្នុងការសិក្សា
* ៤៖ ភារកិច្ចរបស់យុវជនជំនាន់នីមួយៗ។
* ៥៖ បញ្ហាគ្រឿងញៀន
* ៦៖ ចូលរួមគោរពច្បាប់ចរាចរណ៍។
ជាចុងក្រោយលោក ឈឹម ធី ក៏បានផ្ដល់ចំណុចដែលយុវជនត្រូវឈរលើដូចខាងក្រោម៖
* ១៖ ដើម្បីខ្លួនឯង គឺយុវជន ត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព បទពិសោធន៍ ចំណេះដឹង ជំនាញ និងមានការងារប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯង។
* ២៖ ដើម្បីគ្រួសារ គឺត្រូវចេះស្រឡាញ់ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន សាមគ្គីភាព ថែរក្សាគ្នា និងស្មោះត្រង់។
* ៣៖ ដើម្បីសង្គមជាតិ គឺចេះថែរក្សាសុខភាព បរិច្ចាករបស់ទៅកាន់អ្នកខ្វះខាត ជួយដល់ការងារសង្គម មនុស្សធម៌ និងហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ជូនជាតិមាតុភូមិ៕