(មូស្គូ)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Mi-8 របស់ក្រសួងការពារស៊ីវិល និងដោះស្រាយពេលគ្រា មានអាសន្ន បានធ្លាក់នៅតំបន់ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នាល្ងាចថ្ងៃពុធ បណ្តាលឲ្យមនុស្ស ជិះនៅលើនោះទាំងអស់ ០៣នាក់ស្លាប់ នៅក្នុងអណ្តាតភ្លើង។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
ឧទ្ធម្ភាគចក្រខាងលើនេះ បានធ្លាក់នៅក្នុងសង្កាត់ Lyubertsy នៅអំឡុងពេលដែលកងកម្លាំងការពារ ស៊ីវិល កំពុងតែធ្វើការហ្វឹកហ្វឺន ដើម្បីត្រៀមជួយសង្គ្រោះប្រជាជនក្នុងហេតុការណ៍អាសន្ន។ ក្រសួងខាងលើ បានប្រាប់សារព័ត៌មានក្នុងស្រុកថា «Mi-8 បានធ្លាក់និងផ្ទុះឆេះចេញជាអណ្តាតភ្លើង ហើយខណៈភ្លាមៗនោះ ក្រុមពន្លត់អគ្គីភ័យមានគ្នា ១០០នាក់ បានចេញមកពន្លត់ភ្លើងជាបន្ទាន់»។
គួរបញ្ជាក់ថា ប្រអប់ខ្មៅទាំងពីរគឺមួយនៅកន្ទុយឧទ្ធម្ភាគចក្រ និង មួយទៀតនៅត្រង់កាប៊ីន ត្រូវបានក្រុម សង្គ្រោះរកឃើញហើយ។ សម្រាប់មូលហេតុនៃការធ្លាក់ នឹងត្រូវបញ្ចេញក្រោយពីការស្រង់យក ទិន្នន័យ ចេញពីប្រអប់ខ្មៅ៕