(ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំការចុះពិនិត្យវឌ្ឍនភាពការស្ថាបនាសំណង់សិល្បការ្យ នៅដីសម្បទានភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គម្រោងដីសម្បទានសង្គមកិច្ចភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ដូចជា ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងការតបណ្ដាញអគ្គិសនី ដើម្បីបម្រើសេវាកម្មសុខាភិបាល និងផ្ដល់ការអប់រំជូនប្រជាជន និងកូនចៅរបស់ប្រជាជននៅតំបន់ជុំវិញនោះផងដែរ ពោលគឺដើម្បីបម្រុងទុកជូនប្រជាជនដែលនឹងមានកំណើននាពេលអនាគត។ ក្នុងនោះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍដោយបានស្ថាបនាផ្លូវដីល្បាយក្រួសចំនួន៦កំណាត់ ប្រវែងសរុប២៨គីឡូម៉ែត្រ។ កំណាត់ផ្លូវនីមួយមានទទឹង៨ម៉ែត្រ ព្រមទាំងមានសំណង់សិល្បការ្យមួយចំនួន។
លោក ឆាយ ឫទ្ធិសែន និងគណៈប្រតិភូបានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបាននាំយកអំណោយរបស់សម្ដេចជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។
សូមរំឭកថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន៦២៨គ្រួសារឱ្យបានរស់នៅ និងកសាងជីវភាពថ្មី៕