(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការបន្ថែមម៉ោងបង្រៀន នៅក្នុងវិធានការគន្លឹះវិស័យអប់រំ នៅតាមសាលាគោលដៅ ទទួលបានការគាំទ្រ ពីអាណាព្យាបាលសិស្សានុសិស្ស។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារអនុវត្ដគម្រោងសាលារៀនគំរូ នៅសាលាបឋមសិក្សាអនុវត្ដ ស្ថិតនៅក្នុងភូមិស្រែព្រឹង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឪពុក-ម្ដាយ ចង់បានឲ្យកូនរៀនបន្ថែមម៉ោងឲ្យច្រើន មិញខ្ញុំសួរ ថាបើថែម១ម៉ោងកន្លះ អត់មានអ្នកចង់បានទេ គឺចង់បាន២ម៉ោង [...] ឪពុក-ម្ដាយ ៩០ភាពរយ ចង់បានឲ្យកូនរៀនម៉ោងបន្ថែម»។
ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យយកចិត្តទុកដាក់ សុវត្ថិភាពសិស្សនៅតាមសាលា ជាពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារ ជួយសម្រួលចរាចរណ៍ផងដែរ។
សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានទេសរដ្ឋមន្ដ្រី ពេជ សោភ័ណ ជាប្រធានលេខាធិការដ្ឋាន។
លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖
* ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម។
កន្លងមកលេខាធិការដ្ឋាន គ.វ.អ. បានជ្រើសរើសអតីតនាយកសាលាចូលនិវត្តន៍ ដែលស្នាដៃដឹកនាំល្អចំនួន២២រូប ដើម្បីជួយផ្តល់វគ្គគាំទ្រ ចែករំលែកបទពិសោធ ចំណេះដឹង និងការអនុវត្តជាក់ស្តែង ដល់សាលាគោលដៅចំនួន៤២សាលា ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមរាជធានីខេត្តចំនួន៩ ដើម្បីដាក់ឲ្យអនុវត្តនូវវិធានការគន្លឹះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឆន្ទៈទទួលខុសត្រូវខ្ពស់៕