(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការកែសម្រួល សមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួង ដែលមានស្រាប់ឱ្យសមស្របទៅនឹងតួនាទី ភារកិច្ចថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកការងារយេនឌ័រ និងស្ថានភាពបច្ចុប្បន្នរបស់ក្រសួង។
ថ្លែងក្នុងក្នុងពិធីប្រកាសសមាសភាព ក្រុមការងារយេនឌ័ររបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ការរៀបចំនេះ ដែលមានភាពបត់បែនតាមស្ថានភាពជាក់ស្តែង នៃការងារជំនាញរបស់ ក្រសួងស្របនឹងបរិបទមួយ ដែលយើងកំពុងគិតគូរ និងយកចិត្តទុកដាក់ចំពោះកិច្ចការយេនឌ័រ នៅគ្រប់ពេល វេលានិងគ្រប់កាលៈទេសៈ។
លោករដ្ឋមន្រ្តីបានជំរុញដល់ថ្នាក់ ដឹកនាំ ក្រសួងគ្រប់លំដាប់ថ្នាក់ និងក្រុមការងារយេនឌ័រ ឱ្យចូលរួមបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវ និងទទួលបានលទ្ធផលផ្លែផ្កាជាពិសេសការលើកទឹកចិត្ត និងគាំទ្រដល់បងប្អូនស្ត្រី ដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងគ្រួសារ។
លោក ជា សុមេធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ប៊ុន មាំណត នាយករដ្ឋមន្តី ន ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ជាពិសេស បានធ្វើឱ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រីកាន់តែមានភាពប្រសើរឡើងក្នុងទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងនយោបាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី បង្កើនភាពអង់អាច និងការទទួលខុសត្រូវ របស់ស្ត្រីក្នុងវិស័យសាធារណៈ រួមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីជាស្រ្តី ដើម្បីទទួលបានតំណែងគ្រប់គ្រងនានា ក្នុងសា្ថប័នសាធារណៈសំដៅធានាការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយ បរិយាបន្ន និងសមធម៌សង្គម។ ជាមួយគ្នានេះ ការអនុវត្តគម្រោងកម្មវិធីនានា ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី និងការលើកស្ទួយតម្លៃស្ត្រី ជាពិសេសតួនាទី និងសិទ្ធិស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងនយោបាយ និង សង្គម-សេដ្ឋកិច្ច ត្រូវបានបន្តយកចិត្តទុកដាក់ជាអាទិភាព និងលុបបំបាត់នូវរាល់ទស្សនៈរើសអើងស្ត្រីនៅក្នុងសង្គម។
ទន្ទឹមនេះ ក្រសួងក៏បានខិតខំកសាងសមត្ថភាពលើការបញ្ជ្រាបយេនឌ័រតាមវិស័យ ដោយបានបង្កើត ក្រុមការងារបញ្ជ្រាបយេនឌ័រ ដែលមានកាតព្វកិច្ចរៀបចំផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យ និងបង្កើន ភាពអង់អាចដល់ស្ត្រី ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបង្កលក្ខណៈឱ្យស្ត្រីបានចូលរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួន និងទទួលបានតួនាទី ជាអ្នកដឹកនាំទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតនយោបាយជាបន្តបន្ទាប់។
ក្រៅពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រតាមវិស័យ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្រសួងបាននិងកំពុង អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតប នឹងគ្រោះអាសន្ន ដែលកម្មវិធីទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិត ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ សំដៅពង្រឹងពីង្រីក និងធ្វើឱ្យប្រសើរឡើងនូវ សុខុមាលភាពរបស់ប្រជាជនគ្រប់រូប ពិសេសស្ត្រី និងកុមារនៅក្នុងគ្រួសារក្រីក្រ។ ថ្មីៗនេះក្រោមការចង្អុលបង្ហាញ ពីរាជរដ្ឋាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងសិក្សានីតិវិធីជាមួយនឹងស្ថាប័ន ពាក់ព័ន្ធ ក្នុងការរៀបចំគិតគូរអំពីអត្ថប្រយោជន៍ជូនដល់ស្ត្រីក្នុងពន្ធនាគារ និងកូនតាមម្តាយ។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមការងារយេនឌ័រ របស់ក្រសួងក្នុងការអនុវត្តការងារ បានល្អប្រសើរ និងមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ជាពិសេស សាមគ្គីភាពផ្ទៃក្នុងល្អ ដែលជាកម្លាំងចលករមួយជួយជំរុញការងារឱ្យសម្រេចតាមផែនការ យុទ្ធសាស្ត្ររបស់ក្រសួង និងរាជរដ្ឋាភិបាល។ លើសពីនេះ ខ្ញុំសូមឱ្យបងប្អូននារីត្រូវចេះជួយខ្លួនឯង ជាពិសេសការបង្កើនសាមគ្គីភាព និងកិច្ចសហការគា្នទៅវិញ ទៅមកដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងខិតខំសិក្សាស្វែងយល់នូវចំណេះដឹងផ្សេងៗបន្ថែមទៀត ដើម្បី ឆ្លើយតបនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងការងារយេនឌ័រ៕