(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលយកនូវការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរឿងបូរណភាពទឹកដី ឬខ្លាចបាត់បង់ទឹកដីក្រោមកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ព្រោះកត្តាប្រវត្តិសាស្ត្រ។ សម្តេចតេជោ បានបញ្ជាក់ថា ឆ្លើយតបនឹងការព្រួយបារម្ភបែបនេះហើយ ទើបរាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការបោះបង្គោលព្រំដែនរឹងមាំជាមួយបណ្តាប្រទេសមានព្រំដែនជាមួយកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះធ្វើឡើងតាមរយៈសារលើហ្វេសប៊ុកឆ្លើយតបលើគណនីហ្វេសប៊ុករបស់តារាសម្តែង ឈឹម សក្តា។ តារាសម្តែង ឈឹម សក្តា បានសរសេរសារមួយបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញក្តីបារម្ភបាត់បង់ទឹកដីតាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ សាររបស់លោក ឈឹម សក្តា ទទួលបានការចែករំលែកយ៉ាងច្រើន។
បន្ទាប់ពីបានឃើញសារនោះ សម្តេចតេជោ ហ៊ុន សែន បានចូលទៅតបទាំងកណ្តាលអាធ្រាត្រ។ សារតបធ្វើនៅវេលាម៉ោងប្រមាណ ១២៖៤៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាម ឬឡាវនោះឡើយ។
សម្តេចតេជោ បន្តថា ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនកម្ពុជា មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុញ្ញាត រីឯប្រជាជន វៀតណាម និងឡាវ ក៏មិនអាចចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាតនោះដែរ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមដូច្នេះ «កិច្ចសហការរបស់យើងប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុក កូននឹងកាន់តែយល់»។
សម្តេចតេជោ បន្ថែមទៀតថា «ពុកទទួលយកការកង្វល់ និងការព្រួយបារម្ភរបស់កូន និងប្រជាជនយើង ដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែន ឱ្យរឹងមាំជាមួយប្រទេសជិតខាង ដើរទន្ទឹមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា «២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ គឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាម ថែមទៀតផង»។
ក្នុងសារឆ្លើយតបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលទ្ធផលផ្លែផ្កាកើតចេញពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រទេសវៀតណាម ក្នុងពេលសម្តេចជួបមេដឹកនាំវៀតណាម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា «ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមិញនេះ (26/7/2024) ដែលម្សិលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាម សុំឱ្យភាគីវៀតណាម បន្ថែមការលក់ភ្លើងឱ្យយើងដោយដំឡើងពី ២៥០មេហ្គាវ៉ាត់ ដល់ ៤០០មេហ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម»។
សម្តេចតេជោបន្ថែមថា កម្ពុជាផលិតភ្លើងមិនទាន់គ្រប់ ឯឡាវផ្គត់ផ្គង់ឱ្យកម្ពុជា មិនទាន់តាមកិច្ចសន្យា។ បន្ថែមពីលើនោះ ការខិតខំរកទីផ្សាឱ្យប្រជាជនកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឱ្យបានល្អជាមួយប្រទេសជិតខាង ជាពិសេសតំបន់ភូមិភាគឦសានដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គិសនី និងខ្វះទីផ្សា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញមកពន្យល់រយៈពេលជិត២ម៉ោងពាក់ព័ន្ធការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមផ្ទាល់ដោយសម្តេចកាលពីឆ្នាំ១៩៩៩។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតជាសំខាន់ទៅលើសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។ ជាពិសេសកិច្ចសហប្រតិបត្តិការធ្វើឡើង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសានរបស់កម្ពុជា (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី) ដែលជាខេត្តស្ថិតនៅតំបន់ដាច់ស្រយាល។
កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥រួមមាន៖
១៖ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
២៖ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា។
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម។
៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ។
៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕