(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា ប្រធានគណៈកម្មការធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ នាសាលប្រជុំនៃវិមាន៧មករា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត និងការជ្រើសរើសសមាសភាពបំពេញបន្ថែមសមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ជាសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួបរួមគ្នាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជូនគណបក្ស និងជាតិមាតុភូមិ។
លោក បានបញ្ជាក់ឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្នុងរយៈពេលជាងបួនទសវត្សរ៍នេះ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងអនុវត្តតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ និងបានប្រកាន់ខ្ជាប់ឧត្ដមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជន ដោយខិតខំបង្រួបបង្រួមប្រមូលផ្ដុំកម្លាំងរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ជាមួយគ្នានេះដែរ លោក បានបញ្ជាក់បន្ថែមថា ក្នុងមានជាមន្ត្រីគណបក្សត្រូវក្តាប់ឱ្យជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវរាល់កម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស បម្រើប្រជាជន គោរពសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ខិតខំឃោសនា អប់រំប្រជាជន និងចលនាប្រជាជនឱ្យគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយនិងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងគោរពប្រតិបត្តិវិន័យរបស់គណបក្សនិងច្បាប់របស់រដ្ឋ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ប្រឆាំងនូវរាល់បាតុភាពបំបែកបំបាក់សាមគ្គីភាព និងការប្រកាន់បក្សពួក។
ទន្ទឹមនឹងនេះ លោក ក៏បានក្រើនរម្លឹកដល់មន្ត្រីគណបក្សទាំងអស់ ត្រូវពង្រឹងស្មារតីកសាងខ្លួនជាប្រចាំ ដោយខិតខំរៀនសូត្របន្ថែម ព្រោះថាមនុស្សម្នាក់ៗ ទោះរៀនសូត្រដល់កម្រិតណាក៏ដោយក៏មិនអាចយល់ដឹងគ្រប់បញ្ហានិងទិដ្ឋភាពនៃសង្គមបានឡើយ និងត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន មានពេលវេលាចុះដល់មូលដ្ឋានដែលប្រជាជនរស់នៅនិងប្រកបអាជីវកម្ម ហើយស្វែងយល់ពីបញ្ហាដែលបានកើតឡើង និងជួយស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា៕