(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងជាតំណាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយលោក ឡាន់ ឆន អនុប្រធានក្រុម បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ជាឱសថសរុបចំនួន១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកស្រុកកងមាស និងស្រុកចំការលើ ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ពិធីប្រគល់អំណោយដ៏ថ្លៃថ្លានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ ថ្នាក់ដឹកនាំខេត្ត ស្រុក និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ ព្រឹទ្ធសភា និងអនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមទាំងមូល។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភាដែលប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកទាំងអស់ខាងលើ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ។
ក្រោមអនុស្សរណៈនៃកិច្ចសហ-ប្រតិបត្តិការនេះ មូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ជំនួយមនុស្សធម៌ដែលមានដូចជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មកព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២ សរុបចំនួន ៥លើកមកហើយ។
ទន្ទឹមនោះ ព្រឹទ្ធសភាកម្ពុជា តាមរយៈគណៈកម្មការទី១០ បាននាំយកអំណោយមនុស្សធម៌ទាំងអស់ផ្តល់ជូនដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ។
ជំនួយមនុស្សមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ពិតជាបានចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកតំបែរ ស្រុកក្រូចឆ្មារ ស្រុកស្ទឹងត្រង់ និងស្រុកចំការលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបានឆ្លៀតពេលដ៏មមាញឹក នាំយកអំណោយដ៏ថ្លៃថ្លាជាឱសថយ៉ាងច្រើនជូនដល់មន្ទីរពេទ្យបង្អែកស្រុក។ មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកទាំងអស់ បានសន្យាថានឹងប្រើប្រាស់ឱសថទាំងនេះឱ្យចំទិសដៅ មានប្រសិទ្ធភាព និងគណនេយ្យភាពចំពោះព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ៕