(កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារជួយសម្រួលចរាចរណ៍។
ការក្រើនរំឭកនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធ កម្លាំងសមត្ថកិច្ច ប្រជាការពារ សូមជួយចូលរួមយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឃើញមានប៉ូលីសជួយសម្រួចរាចរណ៍នៅតាមទីប្រជុំជន ហើយសូមយកចិត្តទុកដាក់បន្ថែមទៀតនៅគ្រប់តាលារៀនទាំងអស់ បើប៉ូលីសយើងអត់គ្រប់ ឱ្យប្រជាការពារជួយបន្ថែម ពេលម៉ោងចេញម៉ោងចូលរៀន»។
សម្ដេចធិបតីក៏បានសំណូមពរដល់ឪពុកម្ដាយ អាណាព្យាបាលថា ក្រៅពីការយកចិត្តទុកដាក់លើការសិក្សារបស់កូនចៅ ក៏សូមជួយចូលរួមយកចិត្តទុកដាក់ដល់សុវត្ថិភាព សុខភាព ឥរិយាបថរបស់កូនចៅបន្ថែមផងដែរ ដើម្បីពង្រឹងបរិស្ថានជុំវិញឱ្យកាន់តែល្អប្រសើរឡើង៕