(ព្រៃវែង)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១០២៤នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ខេត្តព្រៃវែង និងបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ កាន់តែកក់ក្តៅ ២៤ម៉ោងលើ២៥ម៉ោង។
ការអញ្ជើញចុះមកពិនិត្យស្ថានភាពនៅមន្ទីរពេទ្យបង្អែកខាងលើ បន្ទាប់ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំថ្នាក់ដឹកនាំក្រសួងចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ក្នុងឳកាសចុះពិនិត្យមន្ទីរពេទ្យបង្អែកទាំងយប់នេះ បានធ្វើឲ្យបុគ្គលិកសុខាភិបាល បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ពេលបានថ្នាក់ដឹកនាំមកចុះសួរសុខទុក្ខ ប្រកបដោយក្តីអាណិត ស្រលាញ់ និងយកចិត្តទុកដាក់ខ្ពស់ ពិសេសបានផ្តល់ថវិកាលើទឹកចិត្តដល់បុគ្គលនៃមន្ទីរពេទ្យបង្អែកផងដែរ។
សូមជម្រាបថា ក្នុងឳកាសចុះពិនិត្យមន្ទីរពេទ្យបង្អែកកំពង់ត្របែក លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកផងដែរ៕