(កំពង់ធំ)៖ អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចេញមកច្រានចោលការចោទប្រកាន់ថា មានករណីលួចលេងល្បែងជល់មាន់តាមអនឡាញ និងឆ្នោតឡូតូក្នុងមូលដ្ឋាន។
របាយការណ៍បំភ្លឺដែលបណ្ដញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយ និង ទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលចុះធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើជាកន្លែងលក់ដូរនោះ មិនមានបើកល្បែងស៊ីសងខុសច្បាប់ដូចការចុះផ្សាយទេ គឺយករូបភាពចាស់មកផ្សព្វផ្សាយ។
ការច្រានចោលរបស់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើឡើងក្រោយការបង្ហោះព័ត៌មានខុសពីការពិតថា លោក នួន ផារ័ត្ន ឡើងមកកាន់មុខតំណែងជាអភិបាលខេត្តកំពង់ធំ មិនបានប៉ុន្មានខែផងល្បែងស៊ីសងខុសច្បាប់ជាប្រភេទមាន់ជល់តាមអនឡាញ និងឆ្នោតឡូតូរីកដូចផ្សិតនៅក្នុងមូលដ្ឋាន៕