(កំពង់ធំ)៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រោមគំនិតផ្តួចផ្តើមដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េបានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកក្កដានេះ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅថ្ងៃទី១នេះ ក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យព្យាបាលអ្នកជំងឺសរុប ១,២០០នាក់ ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសាស្រ្តទំនើប និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។
នៅក្នុងការព្យាបាលជំងឺ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារបានចុះត្រួតពិនិត្យអំពីសកម្មភាពការព្យាបាលដោយឥតគិតថ្លៃនេះផងដែរ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំសូមអញ្ជើញមកព្យាបាលទទួលសេវាព្យាបាលដោយឥតគិតថ្លៃឲ្យបានច្រើនកុះករ។
កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគនូវសម្ភារៈបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
យោងតាមកម្មវធីដែលទទួលបាន នៅថ្ងៃទី២៧ ខែកក្កដា ស្អែកនេះ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង១៧:០០នាទីល្ងាច ក្រុមគ្រូពេទ្យកូរ៉េនឹងបន្តធ្វើការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នឹងពិនិត្យព្យាបាលជំងឺជូនមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារ៕