(ភ្នំពេញ)៖ LINE ជាកម្មវិធី Chat មួយដ៏ពេញនិយមសម្រាប់បណ្ដាប្រទេសអាស៊ី ហើយក៏មានបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបក៏ប្រើប្រាស់កម្មវិធីនេះផងដែរ។ នៅក្នុងប្រទេសជប៉ុន LINE បានក្លាយជាកម្មវិធី Chat និងបណ្ដាញសង្គមមួយដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ ជាមួយតួលេខនៃអ្នកប្រើប្រាស់រហូតដល់ ៩៦លាននាក់ ស្មើនឹងជិត ៩២% នៃចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតក្នុងស្រុក និងជាង ៧៨% នៃប្រជាជនជប៉ុនសរុប។
តើហេតុអ្វីបានជា LINE ជាប់ចំណាត់ថ្នាក់លេខ១នៅជប៉ុន?
LINE ជាកម្មវិធីផ្ញើសារទំនាក់ទំនងមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ ព្រមទាំង Video Call។ LINE ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ជាលើដំបូងនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ ហើយបច្ចុប្បន្ន វាស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថាNaver ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសម្ព័ន្ធអ៊ីនធើណែតយក្ស Naver Corporation។
ភាពជោគជ័យរបស់ LINE នៅក្នុងប្រទេសជប៉ុនគឺដោយសារកត្តាជាច្រើន ជាពិសេសគឺសេវាកម្មជាច្រើនដែលត្រូវបានរួមបញ្ចូលគ្នា។ វាមិនដូច WhatsApp ដែលបច្ចុប្បន្នជា Meta ដែលជាក្រុមហ៊ុនយក្សរបស់លោកខាងលិចឡើយ, LINE ត្រូវបានប្រជាជនជប៉ុនដាក់
ឈ្មោះឱ្យវាថាជា «Super App» ព្រោះវាមានអ្វីៗស្ទើតែគ្រប់យ៉ាងដែលជាតម្រូវការសម្រាប់ការប្រើប្រាស់នៅលើអ៊ីនធើណែត សូម្បីតែការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលក៏មានផងដែរ។
LINE វាមិនមែនពេញនិយមតែនៅក្នុងប្រទេសជប៉ុនមួយប៉ុណ្ណោះទេ បើយោងតាមរបាយការណ៍ពី Data Reports បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ LINE ត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅក្នុងនៅជប៉ុន តៃវ៉ាន់ ថៃ និងឥណ្ឌូនេស៊ី ដោយមានអ្នកប្រើប្រចាំថ្ងៃបូកបញ្ចូលគ្នាប្រមាណ ១៧៨លាននាក់ និងនៅជុំវិញពិភពលោកប្រមាណជា ២២៤លាននាក់។ ក្រោយពីឆ្នាំ២០២១ គឺក្រុមហ៊ុន Never មិនបានបង្ហាញពីតួលេខនៃអ្នកប្រើប្រាស់ LINE ទៀតឡើយ ខណៈដែលរបាយការណ៍ចុងក្រោយបានបង្ហាញថា មានអ្នកចុះឈ្មោះប្រើប្រាស់ LINE រហូតដល់ ៧០០លាននាក់។
តើហេតុអ្វីបានជាក្រុមហ៊ុន Never បង្កើតកម្មវិធីទំនាក់ទំនង LINE ឡើង?
បច្ចុប្បន្នយើងឃើញថា LINE បានក្លាយជាកម្មវិធីទំនាក់ទំនងមួយដ៏ពេញនិយម និងមានប្រជាប្រិយភាព ប៉ុន្តែលោកអ្នកមានដឹងទេថា តើកម្មវិធីមួយនេះ វាបានចាប់ផ្ដើមកំណើតឡើងនៅពេលណា និងដោយសារអ្វី? តាមពិតទៅ ក្រុមហ៊ុនយក្ស Never បានបង្កើត LINE ដំបូងឡើយដើម្បីធ្វើការទំនាក់ទំនងសម្រាប់បុគ្គលិកដែលបម្រើការងារនៅក្នុងប្រទេសជប៉ុនក្នុងអំឡុងពេលមានគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ Tohoku ឆ្នាំ ២០១១។ អំឡុងពេលនោះហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានកាត់ផ្ដាច់ ហើយដោយមើលឃើញថា LINE ជាកម្មវិធីមួយដែលប្រើប្រាស់ត្រឹមតែអ៊ីនធើណែតក្នុងការទំនាក់ទំនងនោះ Never ក៏ដាក់ឱ្យប្រើប្រាស់ LINE ជាសាធារណៈ ហើយជាលទ្ធផល ក្នុងរយៈពេល ១៨ខែ មានអ្នកប្រើច្រើនជាង ១០០លាននាក់។
មិនមានរបាយការណ៍បង្ហាញពីប្រាក់ចំណូលច្បាស់លាស់សម្រាប់កម្មវិធីមួយនេះឡើយ ប៉ុន្តែកាលពីឆ្នាំ២០២១ LINE រកចំណូលបានប្រមាណជា ២,៣៦ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ប្រាក់ចំណូលស្ទើតែទាំងអស់បានមកពីការផ្សាយពាណិជ្ជកម្ម។ ចំណែកនៅក្នុងប្រទេសជប៉ុន នៅក្នុងខែធ្នូ ឆ្នាំ២០២៣ LINE រកចំណូលប្រចាំខែបានប្រមាណ ១៤,៧លានដុល្លារអាមេរិក៕