Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេ Facebook និងភរិយា ប្រកាសបរិច្ចាគប្រាក់ ៣ពាន់លានដុល្លារ ដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ

22-09-2016 10:09

(អាមេរិក)៖ នាយកប្រតិបត្តិការរបស់ Facebook លោក Mark Zukerburg និងភរិយា លោកស្រី Priscilla Chan បានប្រកាសថា ពួកគេនឹងបរិច្ចាគថវិកា ៣ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត ដើម្បីបង្កើតកិច្ច គាំពារ ការពារ និង គ្រប់គ្រងជំងឺគ្រប់ប្រភេទរហូតដល់បំណាច់ សតវត្សរ៍ ទី២១នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ការថ្លែងខាងលើនេះ បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ដោយគូស្វាមីភរិយា ដែលទើបតែទទួលបានកាដូបុត្រីមួយរូប កាលពីពេលថ្មីនេះដែរ បានលើកឡើងថា «តើពួកយើង អាចធ្វើការបង្ការជំងឺទាំងអស់ នៅអំឡុងពេលពេញមួយជីវិតរបស់កូនយើងបានទេ? សព្វថ្ងៃនេះ គ្រាន់តែជំងឺ ៤ប្រភេទប៉ុណ្ណោះ ក៏អាចបង្កឲ្យកូនៗរបស់យើងបាត់បង់ជីវិតជាច្រើននាក់ រួចមកហើយដែរដូចជា ជំងឺមហារីក, បេះដូង, ជំងឺឆ្លង និង ខួរក្បាល ជាដើម»

លោក Mark បានលើកឡើងទៀតថា «យើងអាចធ្វើឲ្យគ្រប់យ៉ាងមានការកែប្រែ ជាមួយនឹងបច្ចេកវិទ្យា ដ៏ត្រឹមត្រូវ។ យើងនឹងធ្វើការស្រាវជ្រាវ នៅក្នុងផ្នែកវិទ្យាសាស្ត្រជាចម្បង ដោយមានគោលដៅក្នុងការ បង្កើតកិច្ចការពារខ្លួនពីជំងឺទាំងនោះ។ យើងពិតជាអាចធ្វើឲ្យប្រសើរជាងមុន»។ គួរបញ្ជាក់ថា ក្នុងចំណោមថវិកា ៣ពាន់លានដុល្លារនោះ គឺ ៦០០លានដុល្លារនឹងត្រូវផ្តល់ឲ្យមជ្ឈមណ្ឌល Biohub ដែលជាស្ថាប័នថ្មីស្ថិតនៅក្នុងសាកលវិទ្យាល័យ កាលីហ្វរញ៉ា នៃទីក្រុង San Francisco ដើម្បីទុកធ្វើការស្រាវជ្រាវ រកវិធីទប់ស្តាត់ជំងឺ ដែលជាក្តីព្រួយបារម្ភខ្លាំងបំផុតរបស់មាតាបិតា៕