(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េក្នុងជំនួបប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿងក្រោមការសម្របសម្រួលរបស់អង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវិស័យការងារឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។ ក្នុងនោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តដែលបានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរដែលកំពុងបម្រើការងារ និងស្នាក់នៅខេត្តក្យង់សាំងប៊ូកដូបានយ៉ាងល្អក្នុងពេលកន្លងមក។
ជាមួយគ្នានេះ លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ជាក់ស្តែង បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូងមកពីខេត្តក្យង់សាំងប៊ូកដូ បាននឹងកំពុងបន្តបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតឱកាសការងារនៅកម្ពុជាកាន់តែច្រើន។ ក្រៅពីការវិនិយោគ និងកិច្ចសហការលើវិស័យការងារ លោកអភិបាលខេត្ត បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតក្រៅពីជំនួយរថយន្តពន្លត់អគ្គិភ័យទាំង ១០ គ្រឿងដែលប្រគល់នៅថ្ងៃទី២៦ ខែកក្កដា នេះផងដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីទំនាក់ទំនងជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះជាមួយគ្នាដើម្បីជំរុញ និងជ្រោមជ្រែងទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀតព្រោះថាប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន។
លើសពីនេះ នៅចំពោះមុខលោកអភិបាលខេត្ត ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះអ្នកវិនិយោគិនរបស់កូរ៉េ និងប្រជាពលរដ្ឋកូរ៉េដែលកំពុងស្នាក់នៅ បម្រើការងារ និងកំពុងវិនិយោគនៅកម្ពុជា ជាពិសេសពលរដ្ឋ និងអ្នកវិនិយោគមកពីខេត្តក្យង់សាំងប៊ូកដូដើម្បីរួមចំណែកសម្រួលដល់បេសកកម្មរបស់ប្រជាពលរដ្ឋកូរ៉េឱ្យដំណើរការដោយរលូន និងជោគជ័យនៅក្នុងទឹកដីកម្ពុជា៕