(ព្រៃវែង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យមន្ត្រីសុខាភិបាលខេត្តព្រៃវែង ពង្រឹងការអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ពិសេសវិធីបង្ការពីការពុលផ្សិត ដែលថ្មីៗនេះករណីពុលផ្សិតនេះមានច្រើនករណីនៅក្នុងខេត្ដរតនគិរី។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដព្រៃវែង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ នាមន្ទីរសុខាភិបាលខេត្ដ បន្ទាប់ពីលោករដ្ឋសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានដឹកនាំមន្ដ្រីជំនាញនៃក្រសួងសុខាភិបាល ចុះពិនិត្យមន្ទីរពេទ្យបង្អែកអ្នកលឿង មណ្ឌលសុខភាពពាមរក៍ និងមន្ទីរពេទ្យខត្ដព្រៃវែង។
ក្នុងកិច្ចសំណេះសំណាលនេះដែរ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងកោតសរសើរភាពជាដឹកនាំរបស់ប្រធានមន្ទីរសុខាភិបាល និងមន្ដ្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។
ទន្ទឹមនឹងភាពល្អនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់មន្ដ្រីសុខាភិបាលខេត្ដព្រៃវែង ដើម្បីបំពេញកាតព្វកិច្ចការងារឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងសុវត្ថិភាពខ្ពស់ដល់អ្នកជំងឺ និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខភាពីមូលដ្ឋានខេត្ដព្រៃវែង ក្នុងនោះរួមមាន៖
* លើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាលខេត្ដ បន្ដយកចិត្ដទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងទំនុកចិត្ដដល់ពីប្រជាពលរដ្ឋ។
* ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថ្នាក់ជាតិ,
* ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺ ឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សា ឯកសារទាំងអស់ឱ្យបានល្អ គង់វង្ស,
* ត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ ជាដើម,
* ត្រៀមបន្ទាន់ជាលក្ខណៈបច្ចេកទេស និងធនធានមនុស្ស ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម,
* ត្រូវផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋវាយតម្លៃ ទៅលើការផ្ដល់សេវាសុខាភិបាលរបស់យើង។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ការកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលនៃរដ្ឋបាលខេត្ដព្រៃវែង លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានបន្ដដំណើរចុះទៅពិនិត្យស្ថានភាព និងវឌ្ឍនភាពរបស់មូលដ្ឋានសុខាភិបាលខេត្ដស្វាយរៀង៕