(ញូយ៉ក)៖ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអបអរសាទរ និងគាំទ្រការប្រកាសដាក់ឱ្យដំណើរការ «គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងសកល» របស់អង្គការសហប្រជាជាតិ (UN) ដោយសារដំណើរការនេះ ស្របទៅនឹងគោលនយោបាយជាតិស្ដីពី មុខរបរនិងការងារ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់ជាតិ។
ជំហរគាំទ្រនេះ ត្រូវបានធ្វើឡើងនៅពេលថ្លែងសន្ទរកថា ក្នុងឱកាសចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងគាំទ្រនូវគំនិតផ្ដួចផ្ដើមខាងលើនេះ ដើម្បីអនុវត្តគោលដៅទី៨ ស្ដីពី ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការងារសមរម្យ និងពង្រឹងផលិតភាព។
ក្រសួងការងារបានឱ្យដឹងថា គំនិតផ្ដួចផ្ដើមនេះ បានផ្ដល់ប្រយោជន៍ដល់គ្រប់ភាគីជាសមាជិក តាមរយៈការពង្រឹងយន្តការត្រីភាគី កិច្ចសន្ទនាសង្គមការចចារសមូហភាព កិច្ចពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មានជាលក្ខណៈពហុភាគីដែលមាន រដ្ឋាភិបាល និយោជក សហជីព និងភាគីផ្សេងចូលរួម។
ក្រសួងការងារបានបន្តថា គំនិតនេះក៏ស្របនឹងគោលនយោបាយជាតិស្ដីពី មុខរបរនិងការងារ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ។
សូមជម្រាបថា ដំណើរការគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ដែលនឹងប្រព្រឹត្តទៅ ក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនេះ មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៧-២២ ខែកញ្ញា ឆ្នាំ២០១៦៕