(បន្ទាយមានជ័យ)៖ លោក ណាំ សេក បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំគោកបល្ល័ង្គ ស្រុកមង្គលបុរី ខេត្តបន្ទយមានជ័យ គឺជាបុគ្គលមួយដែលមានជំហរដ៏រឹងមាំបំផុតជាមួយគណបក្សភ្លើងទៀន បានប្រកាសដើរចេញពីបក្ស និងដកស្លាកគណបក្សចេញ ព្រោះខឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ។
បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនរូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅពួកគេ ឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជនដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕