(កំពង់ធំ)៖ រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ កំពុងសហការការជាមួយព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនត្រៀមរៀបចំកម្មវិធីធំមួយនៅវត្តព្រះឥន្ទរង្សី ហៅវត្តហប់ ស្ថិតនៅភូមិទទា ឃុំទ្រា ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ ក្នុងនោះនឹងមានអ្នកចូលរួមយ៉ាងហោចណាស់១,០០០នាក់ រួមជាមួយការបាញ់កាំជ្រួចអបអរសាទរផងដែរ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា រដ្ឋបាលស្រុកបានសហការជាមួយព្រះមន្ត្រីសង្ឃនិងព្រះសង្ឃដែលគង់នៅវត្តព្រះឥន្ទរង្សី ហៅវត្តហប់ ស្ថិតនៅភូមិទទា ស្រុកឃុំទ្រា ក្នុងការរៀបចំឱ្យមានស្គរ គង រគាំង ទង់ជាតិ ទង់សាសនា និងសម្ភារៈមួយចំនួនទៀត ដើម្បីត្រៀមប្រារព្ធកម្មវិធីអបអរអបអរសាទររួមគ្នានូវថ្ងៃបើកការដ្ឋានព្រែកជីកហ្វីណនតេជោ នៅវេលាម៉ោង៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនោះ។ ដល់ថ្ងៃនោះ នឹងមានការជួបជុំកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជាង១,០០០នាក់។ នៅវេលាម៉ោង៧៖០០នាទីយប់ ក៏នឹងមានកម្មវិធីបាញ់កាំជ្រួចនៅទីវត្តហប់នេះដែរ។
លោកបានបន្តថា នៅតាមបណ្ដាវត្តមួយចំនួនដែលមានព្រះមន្ត្រីសង្ឃគង់នៅ ក៏នឹងរៀបចំកម្មអបអរសាទរព្រមៗគ្នា។ ក្រៅពីនេះ រដ្ឋបាលស្រុកក៏បានណែនាំផ្សព្វផ្សាយទៅកាន់ទីវត្តអារាមដទៃ សាលារៀន ទីសាធារណៈនានា ដើម្បីចូលរួមអបអរសាទររួមគ្នានូវថ្ងៃបើកការដ្ឋានព្រែកជីកហ្វីណនតេជោ នៅវេលាម៉ោង៩៖០៩នាទី ថ្ងៃជាមួយគ្នានោះ។
ព្រះចិត្តសំវរោ ថេ សិត ព្រះចៅអធិការវត្តព្រះឥន្ទរង្សី ហៅវត្តហប់ មានព្រះថេរដីកាថា គណៈកម្មការវត្តមានសេចក្ដីរីករាយក្នុងការសហការជាមួយរដ្ឋបាលស្រុកស្ទោង ដើម្បីរៀបចំប្រារព្ធកម្មវិធីអបអរអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វីណនតេជោ ខាងមុខនោះ និងពិតជាពេញចិត្តគាំទ្រចំពោះគំនិតផ្ដួចផ្ដើមគម្រោងព្រែកជីកហ្វូណនតេជោ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ព្រមទាំងការបន្តជំរុញការអនុវត្តនូវគម្រោងព្រែកជីកដ៏ធំក្នុងប្រវត្តិសាស្ត្រ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្វីដ្បិតនៅឆ្ងាយពីមូលដ្ឋានព្រែកជីកហ្វូណនតេជោនេះក្ដី តែលោកអភិបាលស្រុកស្ទោងមានក្ដីរីករាយអបអរពីចម្ងាយចំពោះគម្រោងនេះ ហើយក៏រំពឹងថាព្រែកជីកនេះនឹងដើរតួនាទីជាប្រយោជន៍យ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសនឹងជួយដល់ការដឹកជញ្ជូនកសិផល ទំនិញផ្សេងៗចូលទៅកាន់សមុទ្រ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស កាត់បន្ថយការចំណាយលើសេវាដឹកជញ្ជូន ឬយ៉ាងហោចណាស់ក៏បានជំរុញការលក់កសិផលរបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុក-ខេត្តនានាផងដែរ។
ជាប្រជាពលរដ្ឋមួយរូបនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង លោក អ៉ី វុត្ថា មានក្ដីសោមនស្សយ៉ាងក្រៃលែង នៅពេលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានការខិតខំអនុវត្តដំណើរគម្រោងព្រែកជីកហ្វូណនតេជោ បន្តជំរុញបន្ទាប់ពីមានគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងអាចផ្ដល់ប្រយោជន៍ដោយប្រការផ្សេងៗដល់ប្រជាពលរដ្ឋ និងប្រជាកសិករ ពោលព្រែកជីកដ៏ធំនេះនឹងនាំមកនូវសារសំខាន់ប្រពៃចំពោះសេដ្ឋកិច្ចសង្គមកម្ពុជាទាំងមូល។
សូមជម្រាបថា ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ គម្រោងព្រែកជីកនេះក៏នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕