(ភ្នំពេញ)៖ មានអំពើហិង្សាមួយផ្ដើមឡើងដោយសារភ្លើងប្រចណ្ឌ បានធ្វើឱ្យបុរសម្នាក់បែកថ្នាំទាញកាំបិតបុ័ងតោ កាប់ទៅលើប្រពន្ធចំក បណ្តាលឱ្យធ្ងន់ធ្ងរ ភ្លាមៗត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅឯមន្ទីរព្រះមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សង្ស័យប្រចណ្ឌ។
ហេតុការណ៍នេះកាលពីវេលាម៉ោង២ និង១០នាទី ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ចំណុចក្នុងផ្ទះជួល ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អុិច សុម៉ាលី អាយុ៣៦ឆ្នាំ មុខរបរ អ្នកអនាម័យ មានទីលំនៅបន្ទប់ជួលលេខ៦៩ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ ចិន ព្រះកុសមៈ។ រីឯជនសង្ស័យឈ្មោះ សួន អឿង អាយុ ៦៤ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅបុរីពិភពថ្មី ផ្លូវជាតិលេខ៣ គម្រោង១ ផ្ទះលេខ០៦ ផ្លូវ១៥ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន)។
តាមប្រភពព័ត៌មាន បានឱ្យដឹងថាស្ត្រីរងគ្រោះជាស្ត្រីម៉េម៉ាយ មានកូន២នាក់ ជនដៃដល់ និងស្ត្រីខាងលើបានរួមរស់ជាប្តីប្រពន្ធ អស់រយៈពេល ៧ឆ្នាំហើយ បានកូនម្នាក់អាយុប្រហែល៥ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួន។ រីឯស្ត្រីរងគ្រោះកំពុងសម្សាកព្យាបាលនៅឯមន្ទីរពេទ្យ សមត្ថកិច្ចក៏ចុះទៅធ្វើកំណត់ហេតុ នៅឯមន្ទីរដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ ស្រាវជ្រាវចាប់យកមកផ្តន្ទាទោសតាមច្បាប់៕