(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចម៉ូតូ និងកាប់ប្លន់ ២ករណីផ្សេងគ្នា ដោយចាប់ខ្លួនបានជនសង្ស័យសរុបចំនួន៥នាក់ ក្នុងនោះករណីលួចចំនួន៣នាក់ និងករណីកាប់ប្លន់ចំនួន២នាក់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះលទ្ធផលនៃការបង្ក្រាបករណីលួចម៉ូត ដែលបង្កដោយមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ក្រោយពួកគេធ្វើសកម្មភាពបានសម្រេចចំនួន៣ករណី។
*ករណីទី១៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1GF-1712 ប្រព្រឹត្តនៅចំណុចក្នុងក្រសួងសុខាភិបាលអគាលេខ៨០ ផ្លូវលេខ២៨៩ ក្រុម១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
*ករណីទី២៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1DF-0273 ប្រព្រឹត្តនៅចំណុចក្នុងក្រសួងព័ត៌មាន អគារAKP ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤
*ករណីទី៣៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1FR-6946 ប្រព្រឹត្តនៅចំណុចក្នុងវត្តសំពៅមាស ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
លោកបានអះអាងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាន នគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងផ្លូវជាតិលេខ៣ ភូមិអង្គក្រឡាញ់ ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ជនសង្ស័យទាំង៣នាក់ រួមមាន៖ ឈ្មោះ សន ធី អាយុ៦២ឆ្នាំ, ឈ្មោះ ផាន់ វណ្ណា ហៅវែង អាយុ៤៤ឆ្នាំ និងឈ្មោះ មា វណ្ណី ហៅនី អាយុ៤៤ឆ្នាំ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកំពត1U-2492, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1FR-6946 និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខព្រៃវែង1H-1648។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការតាមនីតិវិធី។
ដោយឡែក ករណីប្រើកាំបិតដេញកាប់ប្លន់វិញ បានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖៣០នាទីទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួន។
ជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ រ៉ា ស៊ីណា ហៅរ៉ា អាយុ២៧ឆ្នាំ និងឈ្មោះ ញ៉ក់ បញ្ញា ហៅរ៉ាក់ អាយុ១៩ឆ្នាំ។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម (ពាក់ផ្លាកលេខក្លែងបន្លំភ្នំពេញ1HH-1837) ជាផលនៃបទល្មើស, សោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូ១ដើម និងសម្ភារមួយចំនួន។ ចំពោះករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕