(កែប)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ខេន ទីតូ ជំនួសលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដែលទៅជាមេបញ្ជាការអាវុធហត្ថខេត្តពោធិសាត់វិញ។
ពិធីប្រកាសផ្ទេរភារកិច្ចនេះ ក៏មានការចូលរួមពី លោក កែន សត្ថា អភិបាលខេត្តកែប លោកមេបញ្ជាការរង លោកស្នងការ មន្ត្រីរាជការជុំវិញខេត្ត កងរាជអាវុធហត្តខេត្ត ជាច្រើនរូបផងដែរ។
សូមជម្រាបថា តាមប្រកាសរបស់ក្រសួងការពារជាតិលេខ ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
ទី១.ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បច្ចុប្បន្ន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
ទី២.ឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប៕