(សៀមរាប)៖ ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍គោលដៅទី៥ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននិងកំពុងដំណើការសាងសង់ នៅជិតរង្វង់មូលផ្ការំដួល សម្រាប់រួមចំណែក លើកិច្ចការងាររក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ជាក់ស្ដែង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្ដសៀមរាប បានចុះត្រួតពិនិត្យ នូវការដំណើការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍គោលដៅទី៥ ខាងលើនេះ ដែលក្រោមការផ្តួចផ្ដើមរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានណែនាំដល់កម្លាំងនគរបាលខេត្ដ ត្រូវចុះត្បាតជាប្រចាំ ដើម្បីរក្សាសន្ដិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចុះបង្ក្រាបរាល់ក្មេងទំនើង បងធំបងតូច ដែលបង្កការរំខាន ដល់ប្រជាពលរដ្ឋ និងក្នុងមូលដ្ឋានខេត្ដ។
ទន្ទឹមគ្នានេះ លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានថ្លែងអំណរគុណ ជូនចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ដែលបានសាងសង់ប៉ុស្ដិ៍នេះ ជូនដល់កងកម្លាំង ដើម្បីទុកជាកន្លែងប្រចាំការ ក្នុងការដោះស្រាយរាល់បញ្ហាអសន្ដិសុខ ដែលកើតមានឡើង ជូនដល់ប្រជាពលរដ្ឋ៕