(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលសមាជិកថ្មីចំនួន១៣រូប ដែលជាអតីតបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំរបស់គណបក្សខ្មែរស្រលាញ់ជាតិ នៅឃុំផ្អាវនេះតែម្ដង។
បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំងនេះបានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំង ពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោបានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ពួកគេមើលឃើញថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង ជាពិសេសបក្សប្រជាជនកម្ពុជាជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
សមាជិកថ្មីទាំងនេះបានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជនកម្ពុជា គោរពតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕