(កណ្តាល)៖ បណ្តាវត្តអារ៉ាម ព្រះសង្ឃ, មន្ដ្រីរាជការ, សិស្សានុសិស្ស និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានត្រៀមរៀបចំរួចជាស្រេច ក្នុងការវាយគង វាយស្គរ វាយប៉ោត ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ខាងមុខនេះ។
ការបញ្ជាក់ពីការត្រៀមរួចជាស្រេចនេះ ធ្វើឡើងក្នុងឱកាស លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវិហារលួង ឃុំផ្សារដែក និងឃុំភ្នំបាត រួមទាំងសហការី បានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ២៤វត្ត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក កែវ បេងវឌ្ឍន៍ រួមទាំងពុទ្ធបរិស័ទ បានបញ្ជាក់ និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ដោយពួកគាត់សូមសម្តែងនូវការគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអគ្គមគ្គុទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ ព្រែកជីហ្វូណនតេជោ។
ព្រែកជីហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រុំអនុវត្តន៍យ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធិផល ពិតប្រាកដ ទុកជាកេរមតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ ដែលជាគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យលេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៤នេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ក្នុងពិធីប្រគេនទៀនព្រះវស្សា លោកបណ្ឌិត កែវ បេងវឌ្ឍន៍ រួមទាំងសហការី បានចូលរួមពិធីនមស្សការព្រះរតនត្រៃសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត វេរទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃទាំង ២៤វត្ត ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅការចូលមកដល់នៃបុណ្យចូលព្រះវស្សា។
បុណ្យចូលព្រះវស្សាឆ្នាំនេះ បានចាប់ផ្តើមនៅថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ បុណ្យចូលព្រះវស្សាដែលមានរយៈពេលប្រមាណជា៣ខែនេះ ជាពេលវេលាដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រ ព្រោះជារដូវភ្លៀង។
អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន ព្រះវស្សាសម្រាប់អុជបំភ្លឺក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗ សម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។
លោក កែវ បេងវឌ្ឍន៍ មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮប្រគេន បច្ច័យកសាង ២៤ វត្ត សរុបចំនួន ១២ ០០០ ០០០រៀល, បច្ច័យប្រគេនព្រះចៅអធិការ ២៤ វត្ត ២ ៤០០ ០០០ រៀល, បច្ច័យប្រគេនព្រះភិក្ខុសង្ឃ ២៤ អង្គ ១ ២០០ ០០០ រៀល, បច្ច័យប្រគេនតាអាចារ្យ ២៤ នាក់ ៩៦០ ០០០ រៀល, បច្ច័យប្រគេនតាជីយាយជី ១០០ នាក់ ១ ០០០ ០០០ រៀល, បច្ច័យប្រគេនឧបាសកឧបាសិកា ៥០ នាក់ អស់ ៥០០ ០០០ រៀល, បច្ច័យពុទ្ធមណ្ឌលវិបស្សនាធុរៈ ៥០០ ០០០ រៀល, បច្ច័យព្រះកេសា ១០០ ០០០ រៀល។ សរុបផ្នែកបច្ច័យ ១៨ ៦៦០ ០០០ រៀល។ ប្រគេនទានព្រះវស្សា ចំនួន ២៤ គូ, ស្លារដកចំនួន ៤៨ ប្រអប់, អង្ករ ចំនួន ២៤ បាវ, មីម៉ាម៉ា ចំនួន ៤៨ កេស, ទឹកបរិសុទ្ធចំនួន ៤៨ កេស, ទឹកត្រីចំនួន ៤៨ យួរ, ទឹកស៊ីអ៉ីវ ចំនួន ៤៨ យួរ។ សរុបផ្នែកទេយ្យទាន ១៤ ៥៩៥ ០០០រៀល និងចំណាយថវិការៀបចំកម្មវិធីចំនួន ៣លាន៣សែន១ម៉ឺនរៀល។
មនុញ្ញផលកើតចេញពីកាយវិការប្រកបធម៌នេះ លោក កែវ បេងវឌ្ឍន៍ រួមទាំងសហការី បានឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា និងបុព្វការីជនយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ព្រមទាំងប្រជាពលរដ្ឋ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ សូមទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕