(សៀមរាប)៖ លោក ថោង បញ្ញាវ័ន្ត ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក លើកឡើងថា ចក្ចុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគត ធ្វើយ៉ាងណាត្រូវផ្តល់សេវាមួយប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជានៅក្រៅតំបន់ ឲ្យមកទទួលសេវារបស់យើងផងដែរ ហើយយើងនឹងអភិវឌ្ឍសាងសង់អគារបន្ថែមទៀត ក៏ដូចជាអភិវឌ្ឍខ្លួនឲ្យទៅជាមន្ទីរពេទ្យបង្អែកកម្រិត២នាពេលអនាគត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះកាលណាដែរមានមន្ទីរពេទ្យបង្អែកកម្រិត២ និងមានសេវាវះកាត់នៅក្នុងនឹងផងដែរ។
លោក ថោង បញ្ញាវ័ន្ត លើកឡើងយ៉ាងដូច្នេះក្នុងកិ្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯ ស្ថិតនៅភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប។
លោក ថោង បញ្ញាវ័ន្ត បានបន្តថា ចំពោះប្រជាពលរដ្ឋនៅក្នយតំបន់នេះ កាលដែរមិនទាន់មានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯ នេះ ប្រជាពលរដ្ឋគាត់ទៅទទួលសេវាព្យាបាលនៅមណ្ឌលសុខភាពរុនតាឯក ដោយឡែក ប្រជាពលរដ្ឋដែលធ្លាប់ទទួលសេវាកន្លែងចាស់ដែលរបស់គាត់ ដូចជា៖ មណ្ឌលសុខភាពគោកចក និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងករណីគាត់ត្រូវការបើកថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែម។ បន្ទាប់ពីមានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯ នេះមក អ្នកដែលធ្លាប់ទៅទទួលសេវាបើកថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែម អាចមកទទួលសេវានៅមន្ទីរពេទ្យនេះបាន ព្រោះយើងមានថ្នាំទាំងអស់នឹង។
លោកបន្តថា ប្រជាពលរដ្ឋគាត់មានភាពងាយស្រួល ក្នុងការមកមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯ ដោយយើងបានរៀបចំផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុង១សប្តាហ៍ មានគ្រូពេទ្យប្រចាំការ មានសម្ភារៈ បរិក្ខា និងថ្នាំ ហើយយើងក៏អាចជួយសម្រួលដល់ការពិនិត្យ និងព្យាបាលជូនពួកគាត់មានភាពល្អប្រសើរនៅក្នុងតំបន់។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះសម្ភារៈដែលមន្ទីរពេទ្យទទួលបាន យើងមានផ្តល់សេវា ដូចជា៖ ជំងឺសង្រ្គោះបន្ទាន់, ជំងឺសម្រាកនៅមន្ទីរពេទ្យ, ការសុងថ្នាំ, ការពិនិត្យផ្ទៃពោះ, សម្រាលកូន, ពន្យាកំណើត និងចាក់វ៉ាក់សាំង គឺយើងមានគ្រប់បច្ចុប្បន្ននេះ តែផែនការនឹងស្នើរសុំសម្ភារៈវេជ្ជសាស្រ្តទំនើបៗមកបន្ថែមទៀត ដើម្បីបំពេញតម្រូវការជូនប្រជាពលនៅក្នុងតំបន់។ បច្ចុប្បន្ននេះ មន្ទីរពេទ្យមានដំណើរការ២ផ្នែកធំៗ ដូចជា៖ ផ្នែកជំងឺទូទៅ និងសង្រ្គោះបន្ទាន់ និងផ្នែកសម្ភព(រោគស្រ្តី)។
លោក ថោង បញ្ញាវ័ន្ត បានបន្តថា ក្នុងមួយថ្ងៃជាមធ្យមមានប្រជាពលរដ្ឋមកទទួលសេវាពី១០០នាក់ ទៅ១៤០នាក់ ចំពោះថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ប៉ុន្តែថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ជំងឺរាងថយបន្តិច។ ចំពោះប្រជាពលរដ្ឋនៅទីនេះភាគច្រើនគាត់មានជំងឺ ផ្តាសសាយ, រលាកបំពងក, គ្រុនក្តៅ, រលាកក្រពះ, និងឡើងសម្ពាភឈាម ហើយគាត់ក៏អាចមកបើកថ្នាំទឹកនោមផ្អែមនៅទីនវក៏បានដែរ។ ចំពោះការគិតសេវានៅទីនេះ ប្រសិនបើប្រជាពលរដ្ឋមានបណ្ណសមធម៌ និងបណ្ណបសស មិនគិតតម្លៃនោះទេ តែប្រសិនបើប្រជាពលរដ្ឋគ្មានបណ្ណហើយពិតជាគ្មានលទ្ធភាព ក៏យើងលើកលែងឲ្យគាត់ផងដែរ ប៉ុន្តែអ្នកដែលមានលទ្ធភាព គឺឲ្យបង់សេវាធម្មតា។
ដោយឡែក អាណាព្យាបាលអ្នកជំងឺវិញ អ្នកស្រី អាំ ជុំ ដែលរស់នៅក្នុងភូមិរុនតាឯករយៈពេល២ឆ្នាំមកហើយ បានលើកឡើងថា លោកគ្រូ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯ នេះ គឺមានការយកចិត្តទុកដាក់ទៅលើអ្នកជំងឺទាំងអស់ ដែលមកពិនិត្យ និងសម្រាកព្យាបាលនៅទីនេះ ហើយការនិយាយស្តីក៏សុភាពរាបសាផងដែរ មិនថាអ្នកជំងឺនោះចាស់ឬក្មេង និងអ្នកមាន ឬអ្នកក្រនោះឡើយ។ ហើយនៅពេលយប់លោកគ្រូ អ្នកគ្រូពេទ្យ មកពិនិត្យ និងសួរនាំពីអាការៈជំងឺជាបន្តបន្ទាប់ផងដែរ។
រីឯលោក អ៊ន់ សុផាត ក៏លើកឡើងមិនខុសនោះដែរ ដោយលោកលើកថា ឥរិយាបថ លោកគ្រូ អ្នកគ្រូពេទ្យ នៅទីនេះល្អជាងមន្ទីរពេទ្យមួយចំនួនទៀត។ លោកបន្តថា កូនរបស់សម្រាកព្យាបាលជំងឺនៅទីនេះ២យប់មកហើយ នៅថ្ងៃដំបូងដែលយកកូនមកទីនេះ ហើយលោកគ្រូ អ្នកគ្រូពេទ្យ ឃើញអាការៈរបស់លោកមិនស្រួល បានប្រញាប់យកកូនរបស់ទៅព្យាបាលសិន ក្រោយមកលោកគ្រូ អ្នកគ្រូពេទ្យ ឲ្យលោកទៅចុះឈ្មោះតាមក្រោយ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ជាខ្លាំងទៅលើអ្នកជំងឺរបស់លោកគ្រូ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯនេះ។
ជាមួយនេះដែរ លោក ថោង បញ្ញាវ័ន្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាក្រៅតំបន់ ដែលតែងតែគាំទ្រដល់ផ្តល់សេវាព្យាបាលរបស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯ ហើយសូមឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព ដោយតេស្តអំបិល តេស្តខ្លាញ់ និងតេស្តស្ករ ព្រមទាំងហាត់ប្រាណជាប្រចាំ ប្រសិនបើមានបញ្ហាសុខភាព សូមរួសរាន់ប្រញាប់ទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់បងប្អូនផងដែរ៕