(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើឡើងថា ព្រឹត្តបត្រគោលយោបាយ និងរដ្ឋបាលសាធារណៈ គឺជាសកម្មភាពដ៏ថ្លៃថ្លា ក្នុងការជួយពង្រឹងដំណើការនៃការលើកកម្ពស់គុណភាពធនធានមនុស្ស ក្នុងវិស័យសាធារណៈឱ្យកាន់តែប្រសើរជាឧត្តមប្រយោជន៍ជាតិ។
ការលើកឡើងបែបនេះរបស់លោក យក់ ប៊ុនណា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៤នេះ ក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ (ព្រ.គ.រ.ស.) ឆ្នាំទី១ លេខ១ របស់សាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជានិពន្ធនាយកនៃព្រ.គ.រ.ស, លោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល ព្រមទាំង មន្ត្រីរាជការ និងកម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
នាឱកាសនេះដែរ លោក យក់ ប៊ុនណា បានថ្លែង ការបង្កើតព្រឹត្តបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ «ព្រ.គ.រ.ស.» គឺជាជំហាថ្មីមួយទៀត របស់សាលាភូមិន្ទរដ្ឋបាល ដែលមិនគ្រាន់តែជាអង្គភាពជ្រើសរើស បណ្តុះបណ្តាល ឬវិក្រឹតការថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងមន្ត្រីរាជការគាំទ្រ រដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ។ ប៉ុន្តែ អង្គភាពនេះ បានដើរតួនាទីបន្ថែម ក្នុងការចែករំលែកចំណេះដឹងក្នុងវិស័យសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយ និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល។
លោក យក់ ប៊ុនណា បានបន្ថែមថា ព្រឹត្តបត្រនេះជាសក្ខីភាពដ៏សំខាន់មួយដែលបង្ហាញអំពីភាពចាំបាច់នៃការចូលរួមចំណែក ក្នុងការអភិវឌ្ឍរដ្ឋបាលសាធារណៈកម្ពុជាទាំងក្នុងទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា និងការសិក្សាប្រៀបធៀបបទពិសោធពីបរទេស។ ការប្រមែប្រមូល និងចែករំលែកចំណេះដឹងក្នុងរដ្ឋបាលសាធារណៈទាំងនេះ គឺជាចំណែកមូលដ្ឋានដល់ដំណើរការនៃការធ្វើបរិវត្តកម្មរដ្ឋបាលសាធារណៈ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សម្រាប់លោក សូលី វណ្ណប៉ុក បានថ្លែងថា បានសាលាភូមិន្ទរដ្ឋបាល បានយកចិត្តទុកដាក់ជាអាទិភាពក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដោយខិតខំលើកទឹកចិត្ត និងជ្រើសរើសគ្រូឧទ្ទេសប្រកបដោយគុណវុឌ្ឍិដែលជាឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជាមន្រ្តីរាជការ និងជាអ្នកជំនាញជាន់ខ្ពស់នានាដែលមានចំណេះដឹង ទេពកោសល្យបង្ហាត់បង្រៀន មានបទពិសោធន៍ការងារយូរឆ្នាំក្នុងរដ្ឋបាលសាធារណៈ ការងាររដ្ឋាភិបាល និងការងារពាក់ព័ន្ធរដ្ឋាភិបាលជាមួយវិស័យឯកជន មកជួយបង្រៀន និងចែករំលែកចំណេះដឹង និងបទពិសោធន៍សំខាន់ៗ ជូនដល់សិស្ស និងកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល។
លោក សូលី វណ្ណប៉ុក បានបន្ដថា ក្រៅតែអំពីបេសកកម្មសំខាន់ៗលើការជ្រើសរើស ការបណ្តុះបណ្តាលសិស្សមន្ត្រី មន្រ្តីក្របខណ្ឌថ្មី និងការបណ្តុះបណ្តាលវគ្គ វិក្រឹតការ កិច្ចការស្រាវជ្រាវ និងចែករំលែកចំណេះដឹងក្នុងរដ្ឋបាលសាធារណៈ និងគោលនយោបាយសាធារណៈ ជាបេសកកម្មដ៏ចម្បង ដែលសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំដាក់ចេញជាយន្តការមួយចំនួនដោយក្នុងនោះការបង្កើតជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ អភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដើម្បីរៀបរៀងនិងចងក្រងករណីសិក្សាពីឧត្តមានុវត្តន៍ក្នុងការងារកំណែទម្រង់រដ្ឋបាល និងការគ្រប់គ្រងសាធារណៈ។ សាលាភូមិន្ទរដ្ឋបាលក៏បានធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងករណីសិក្សាមួយចំនួនដូចជា៖ «មគ្គុទេសក៍កំណែទម្រង់គុណានុភាពនៃសាលាបឋមសិក្សាវត្តបូព៌» «ការបើកផ្តល់បៀវត្សរ៍មន្ត្រីរាជការតាមប្រព័ន្ធធនាគារ» «អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល» ជាដើម។
ព្រឹត្តិបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ បានប្រមូលផ្តុំ ចងក្រងអត្ថបទសិក្សាស្រាវជ្រាវ និងករណីសិក្សាប្រកបដោយគុណតម្លៃរបស់សាស្ត្រចារ្យ គ្រូឧទ្ទេសជាមន្ត្រីជាន់ខ្ពស់ និងបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់ដែលបានរកឃើញថ្មីៗ ក្នុងវិស័យសាធារណៈ។ អត្ថបទ ក៏ដូចជាកិច្ចការស្រាវជ្រាវទាំងនេះ មិនត្រឹមតែជួយដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈទេ ប៉ុន្តែ ក៏បានចូលរួមចំណែកដល់ការពង្រឹងគុណភាពបណ្តុះបណ្តាល និងជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវនិងសាធារណជននានាផងដែរ។
លោក យក់ ប៊ុនណា ក៏សូមស្នើដល់អ្នកចូលរួមទាំងអស់ ពិសេសកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ត្រង់ត្រាប់ដោយយកចិត្តទុកដាក់ ផ្អែកលើអង្គ៤ នៃការសិក្សា «សិក្សាចតុរាង្គ» គឺ សុ.ចិ.បុ.លិ ចំពោះបទបង្ហាញដ៏វិសិដ្ឋរបស់លោកបណ្ឌិតទាំងអស់ លើប្រធានសំខាន់ៗជាបន្តបន្ទាប់ ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើជាមេរៀនពិសោធន៍ សម្រាប់ការបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ នៅតាមអង្គភាពរៀងៗខ្លួននាពេលអនាគត៕