(ភ្នំពេញ)៖ មន្ត្រីរាជការទូទាំងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើពិធីត្រៀមអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានការចូលពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរាជការគ្រប់លំដាប់ថ្នាក់។
ក្រោមសំឡេងស្រែកជ័យឃោសព្រមៗគ្នា៖ «យើងខ្ញុំសូមអបអរសាទរ និងគាំទ្រ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤» ដែលជាសំឡេង របស់មន្ត្រីរាជការខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌ ហើយជាសំឡេងចេញពីទឹកចិត្តបេះដូងពិតប្រាកដ ក្នុងការគាំទ្រគម្រោង ព្រែកជីកជាប្រវត្តិសាស្ត្រ និងមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិនិងប្រជាជនជំនាន់ក្រោយ ដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ និងជា ពិសេសគឺធ្វើឲ្យប្រទេសជាតិយើង មានការរីកចម្រើនកាន់តែទ្វេដង។
សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីក ដ៏មានសារៈសំខាន់សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជំរុញឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនថែមទៀត លើសពីនេះទៀត ប្រទេសជាតិយើង លែងខ្ចីដង្ហើមគេដកទៀតហើយ៕