(ភ្នំពេញ)៖ លោកស្រី ឆឹង ស៉ីមន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្ស។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ វគ្គបណ្តុះបណ្តាលនេះ បានធ្វើការបែងចែកជា ៣ ជំហាន និង ២ ក្រុម ហើយធ្វើឡើងក្នុងជំហានទី២ សម្រាប់ក្រុមទី២ ដែលមាន សិក្ខាកាមសរុបចំនួន ១០២រូប ក្នុងនោះស្រី ៥០រូប ចាប់ពីថ្ងៃទី២២ ខែកក្កដាមក។
តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានលើកឡើងថា កម្មវិធីសិក្សា ដែលមានរយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលនូវប្រធានបទ សំខាន់ៗចំនួន២ រួមមាន៖
* ១៖ មុខវិជ្ជាការគ្រប់គ្រងថ្នាក់រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។
* ២៖ មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមគ្រប់គ្រងបាននូវពេលវេលានៃការបង្រៀនកំណត់រយៈពេលនៃមេរៀននីមួយៗ យល់អំពីជំហាន (Step) នៃការបង្រៀន និងចំណុច តូចៗដែលមាននៅក្នុងជំហានទាំងនោះ ដែលជំរុញឱ្យប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូ និងការទទួលយកនូវចំណេះរបស់សិស្សកាន់តែប្រសើរឡើង។
លោកស្រី ឆឹង ស៉ីមន បានបញ្ជាក់យ៉ាងដូច្នេះថា «វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុសុ្ស ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ពោ ពេញដោយសមត្ថភាព ប្រសិទ្ធភាព អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការ។ វគ្គបណ្តុះបណ្តាលនេះដែរ ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីបង្រៀនឱ្យយល់កាន់តែច្បាស់ពីជំហាននៃការបង្រៀន វត្ថុបំណង នៃមេរៀន និងអាចគ្រប់គ្រងបាននូវសកម្មភាពរបស់ខ្លួនក្នុងពេលបង្រៀន និងសកម្មភាពសិស្សក្នុង ពេលរៀនបានយ៉ាងមានប្រសិទ្ធភាព»។
លោកស្រីបានបន្តថា ទន្ទឹមនឹងនោះដែរ គ្រូក៏អាចវាយតម្លៃអំពីគុណភាពនៃការ បង្រៀនរបស់ខ្លួន ព្រមជាមួយនិងគុណផលរបស់សិស្សផងដែរ។ លោកគ្រូ អ្នកគ្រូជាសិក្ខាកាមនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលមានវត្តមាននៅថ្ងៃនេះ ជាមូលធនមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រិសិល្បៈទាំងពេលនេះ និងទៅថ្ងៃអនាគត ដូច្នេះការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យនិងជំនាញទន់ (soft skill) បន្ថែម ជូនដល់ លោកគ្រូ អ្នកគ្រូ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាលជាពិសេស ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំ បណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិ នាពេលបច្ចុប្បន្ននេះ៕