(តាកែវ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់យានយន្តទាំងអស់ អញ្ជើញទៅទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ដើម្បីធានាបាននូវការបើកបរប្រកបដោយសុវត្ថិភាព និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
ថ្លែងនាឱកាសដែលលោក និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា ក៏បានអំពាវនាវដល់ពលរដ្ឋទៅទទួលសេវាដោយផ្ទាល់ កុំពឹងពាក់តាមរយៈអ្នករត់ការ ឬអន្តរការី ចៀសវាងខាតបង់ថវិកា និងបង្ការការទទួលបានឯកសារមិនត្រឹមត្រូវ តាមច្បាប់។
នាឱកាសនោះដែរលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានស្នើមន្ត្រីផ្តល់សេវាទាំងអស់សូមយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌ រួសរាយ រាក់ទាក់ និងអត់ធ្មត់ និងសូមស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកអះអាងថា ការពង្រីកមណ្ឌលត្រួតពិនិត្យលក្ខណៈយានយន្ត គឺដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពផងដែរ។
បើតាមបញ្ជាក់ពីលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បច្ចុប្បន្ននេះមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងដំណើរការសរុបចំនួន ២២ទីតាំង នៅរាជធានីភ្នំពេញមានចំនួន ៨ទីតាំង និងនៅតាមបណ្តាខេត្តមានចំនួន ១៤ទីតាំង រាប់បញ្ចូលទាំងទីតាំងថ្មីដែលយើងកំពុងសម្ពោធនាពេលនេះ រួមទាំងម៉ាស៊ីនឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាតាមខេត្តចំនួន៩ ដែលគ្មានមណ្ឌលចៀកមាន៖ ខេត្តត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងខេត្តព្រៃវែង។
ដោយឡែកចំពោះក្រុមហ៊ុនដែលជាដៃគូសហការកំពុងធ្វើប្រតិបត្តិការក្នុងការផ្តល់សេវា សាធារណៈជូនដល់ប្រជាពលរដ្ឋមានចំនួន៣ គឺ ក្រុមហ៊ុន CMVIC, ក្រុមហ៊ុន HK Car Inspection, និងក្រុមហ៊ុន So Brothers។ បើគិតអំពីតួលេខពីការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៅទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩០ មកដល់បច្ចុប្បន្ននេះ គឺមានចំនួនប្រមាណជាង ៤លានគ្រឿងផងដែរ៕