(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធធ្វើកម្មវិធីធនាគារឈាម ម៉េងលី ជេ. គួច លើកទី៨ របស់ខ្លួនក្រោមប្រធានបទ «ជូនកាដូតាមរយៈការបរិច្ចាគឈាមគឺ ជូនកាដូជួយសង្រ្គោះជីវិតមនុស្ស» ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សនិស្សិត និងសាធារណជន ប្រមាណ១៣០នាក់ ស្ថិតនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។
គោលបំណងនៃយុទ្ធនាការបរិច្ចាគឈាមនេះ គឺដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះជាពិសេសកុមារ ស្ត្រី និងអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរដែលកំពុងត្រូវការឈាម និងជំនួយបន្ទាន់។
ថ្លែងក្នុងពិធីបើកយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច នោះដែរ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងតំណាងរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ដែងការយល់ឃើញយ៉ាងដូច្នេះថា «ការចូលរួមបរិច្ចាគឈាមក្នុងថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា តម្រូវការឈាមគឺ មានកម្រិតខ្ពស់បំផុតសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្ស ក្នុងករណីដូចជាគ្រោះថ្នាក់ចរាចរណ៍ សម្រាលកូនមិនធម្មតា ការវះកាត់ជំងឺធ្ងន់ធ្ងរ ជំងឺមហារីក និងបញ្ហាផ្សេងៗ។ សម្រាប់យើងទាំងអស់គ្នា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងមិនអាចកាត់ថ្លៃបាន នេះជាការធ្វើបុណ្យ ជាសទ្ធាដ៏ជ្រះថ្លាបំផុត និងបានកុសលបំផុត ហើយនេះក៏ជាការលះបង់ដ៏មានតម្លៃបំផុតក្នុងការជួយមនុស្សក្នុងគ្រាដែលពួកគេកំពុងដង្ហោយរកជំនួយពីយើងទាំងអស់គ្នា»។
ទាក់ទិននឹង យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី ៨ នេះផងដែរ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានសម្ដែងនូវសេចក្តីសាទរ និងអរគុណចំពោះមូលនិធិ ម៉េងលី ជេ. គួច ដែលបានរៀបចំកម្មវិធី និងព្រឹត្តិការណ៍សប្បុរសនេះឡើង ហើយមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមកាន់តែច្រើនឡើងៗ បើប្រៀបទៅនឹងព្រឹត្តិការណ៍មុនៗ។
លោកស្រីបានវាយតម្លៃថា «ព្រឹត្តិការណ៍នេះពិតជាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លឹមសារ និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺដែលត្រូវការឈាមសង្គ្រោះបន្ទាន់។ លោកស្រីក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមនិងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងបន្តរៀបចំព្រឹត្តិការណ៍នេះឱ្យកើតមានឡើងជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីរួមចំណែកបន្តបេសកម្មសប្បុរសធម៌ ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារ និងអ្នកជំងឺរាប់ម៉ឺននាក់នៅក្នុងមន្ទីរពេទ្យនានា»។
សូមបញ្ជាក់ថា គម្រោងធនាគារឈាម ម៉េងលី ជេ. គួច ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៦នៃកម្មវិធីសុខភាពរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ គិតមកដល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច បានរៀបចំគម្រោងធនាគារឈាម ម៉េងលី ជេ. គួច ចំនួន៨ លើកមកហើយ និងមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមសរុបចំនួន ៧២២ នាក់។ ដោយឡែក កម្មវិធីសុខភាពទាំងមូលបានផ្តល់ជំនួយដល់អ្នកទទួលផលខ្ទង់៥០ម៉ឺននាក់រួចមកហើយផងដែរ៕