(ភ្នំពេញ)៖ នៅបុណ្យកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ដែលពុទ្ធបរិស័ទគ្រប់រូបទូទាំង ប្រទេសតែងតែប្រារព្ធធ្វើបុណ្យកាន់បិណ្ឌនេះ ព្រឹកថ្ងៃនេះលោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានរួមគ្នាផ្តួចផ្តើមជាមួយគណៈកម្មការ អាចារ្យវត្តព្រែកប្រា និងពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News លោកមេធាវី យឹម វិស្សុត, លោកមេធាវី ថាន ថាវរៈ និងលោក ហែម សុភ័ក្រ រៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការប្រគេនយាគូដល់ព្រះសង្ឃ ធ្វើពិធីរាប់បាត្រ បស្សុកូល ដើម្បីឧទ្ទិសកុសលដល់ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ព្រមទាំងឧទ្ទិសកុសលដល់ដួងព្រលឹងអ្នកស្នេហាជាតិ ដែលបានបូជាអាយុជីវិតដើម្បីការពារជាតិមាតុភូមិ ដោយសូមឱ្យដួងព្រលឹងអ្នកទាំងនោះបាន ទៅកាន់ឋានសុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ។
នៅក្នុងឱកាសនោះដែលអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា និងលោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ក៏បាននាំយកនូវទេយ្យទាន រួមមានទឹកសុទ្ធ ទឹកក្រូច មី ស្លាដក់ និងបច័្ចយមួយចំនួនដើម្បីប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន១៥អង្គ ក្នុងវត្តព្រែកប្រាផងដែរ៕