(ព្រៃវែង)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងាររបស់មន្ដ្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ដ និងមន្ទីរពេទ្យខេត្ដព្រៃវែង។
ជាជំហានដំបូងលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានដឹកនាំមន្ដ្រីជំនាញនៃក្រសួងសុខាភិបាល ចុះពិនិត្យមន្ទីរពេទ្យបង្អែកអ្នកលឿង រួចបន្ដដំណើរទៅកាន់មណ្ឌលសុខភាពពាមរក៍ មន្ទីរពេទ្យខត្ដព្រៃវែង និងបន្ដសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសុខាភិបាលខេត្ដព្រៃវែង។
បន្ទាប់ពីបញ្ចប់ក្នុងការចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅខេត្ដព្រៃវែង លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី នឹងបន្ដដំណើរទៅកាន់មណ្ឌលសុខភាពបាសាក់ ហើយបន្ដទៅពិនិត្យការងារនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមន្ទីរពេទ្យខេត្ដស្វាយរៀង ។ជាចុងក្រោយលោកសាស្ដ្រាចារ្យ ឈាង រ៉ា នឹងអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសុខាភិបាលខេត្ដស្វាយរៀង ដែលប្រពឹត្ដទៅនៅមន្ទីរសុខាភិបាលផ្ទាល់តែម្ដង។
ការអញ្ជើញចុះមកពិនិត្យពីស្ថានភាព និងវឌ្ឍនភាពតាមមូលដ្ឋានសុខាភិបាលតាមបណ្ដាខេត្ដទូទាំងប្រទេស លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានដឹកនាំនូវមន្ដ្រីក្បាលម៉ាស៊ីនជាច្រើនរូបផងដែ រ ដើម្បីណែនាំ ឬបំពេញបន្ថែមដោយផ្ទាល់ នូវភាពខ្វះចន្លោះណាមួយ ដល់មូលដ្ឋានបម្រើសេវាសុខាភិបាលជូនអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសស្វែងយល់ពីតម្រូវការចាំបាច់របស់មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីឈានទៅពង្រឹងទាំងសមត្ថភាព និងផ្ដល់ទាំងសម្ភារៈបរិក្ខារពេទ្យ ដើម្បីជួយសង្គ្រោះអ្នកជំងឺប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ចៀសវាងការបញ្ជូនអ្នកជំងឺទៅឆ្ងាយពីមណ្ឌលមកខេត្ដ ឬខេត្ដមកកាន់រាជធានីភ្នំពេញ ដែលបណ្ដាលឱ្យមានហានិភ័យខ្ពស់ក្នុងការសង្គ្រោះអ្នកជំងឺ ឬឈានទៅដល់បាត់បង់ជីវិត ដោយសារកត្ដាពេលវេលា ឬភាពយឺតយ៉ាវ ពិសេសករណីស្ត្រីឆ្លងទន្លេ មានធ្លាក់ឈាមច្រើន។
សូមជម្រាបថា ការចុះមកពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារដោយផ្ទាល់នៅតាមមូលដ្ឋានសុខាភិបាលនៅក្នុងខេត្ដខាងលើនេះ គឺជាផ្នែកមួយនៃការបំពេញនូវបេសកកម្ម ដែលបានដាក់ចេញកាលពីកន្លងមក ដោយចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងទៅដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលមានតាំងពីដើមអាណត្ដិមក។
ម្យ៉ាងទៀតការចុះមកនេះ ដើម្បីតាមដានផ្ទៀងផ្ទាត់ការងារ ដែលបានចាប់ផ្ដើមជិតមួយឆ្នាំកន្លងមក ក្នុងឱកាសលោកសាស្ដ្រាចារ្យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ហើយកន្លងមកនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានបបណ្ដុះបណ្ដាលដល់មន្ដ្រីក្រោមឱវាទ ដោយបានបង្រៀន ឬធ្វើបឋកថាស្ដីពី «ភាពជាអ្នកដឹកនំា និងនវានុវត្តន៍» ដើម្បីលំអរស្ថាប័ន ដែលនេះជាការចុះស្វែងយល់ពីស្ថានភាព និងផ្ទៀងផ្ទាត់ប្រសិទ្ធភាពការងារ ដែលក្រសួងបានចេញគោលការណ៍ ៩ចំណុច និងចំណុចអាទិភាពចំននួន ៣ទៀត កាលពីដើមអាណត្ដិទី៧នៃរដ្ឋសភានេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានធ្លាប់គូសបញ្ជាក់ថា ការចុះមកពិនិត្យមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក មន្ទីរពេទ្យខេត្ដ មិនមែនគ្រាន់តែជាការចុះ ក្នុងលក្ខណៈធម្មតាៗនោះទេ គឺជាការវាយតម្លៃខ្ពស់ និងជាប្រវត្ដិសាស្ដ្រនៃការមើលឃើញនូវលទ្ធផលការងាររបស់មន្ដ្រីសុខាភិបាលខេត្ដ ដែលបានខិតខំប្រឹងប្រែង ហើយនេះក៏ជាសក្ខីភាពនៃការគាំទ្ររបស់ក្រសួងសុខាភិបាល ជូនដល់មន្ដ្រីនៅទីនេះ ហើយក៏ដើម្បីផ្ដល់នូវការជួយគាំទ្រផងដែរ។ លើសពីនោះ គឺការផ្ដល់ជាអនុសាសនស៍ក្នុងការកែលំអនូវចំណុចខ្វះខាតដែលមាន ក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕