(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការស្វាគមន៍ចំពោះការរួមចំណែករបស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ចំពោះការរៀបចំផែនការយុទ្ធសាស្រ្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារកម្រិតខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន និងការផ្តល់ធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
តបតាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
សម្រាប់កិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ គឺកិច្ចប្រជុំបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការរក្សាអាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀត ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព តាមរយៈផែនការសកម្មភាពឆ្នាំ២០២៣-២០២៧។
កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ក្រសួងការបរទេសកម្ពុជា បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសសមាជិកអាស៊ាន ដែលសម្រេច បានការអនុម័តសេចក្តីសម្រេចចិត្តពីរឆ្នាំម្តងរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីសន្ធិសញ្ញា តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅឆ្នាំ២០២៣ ដែលបញ្ជាក់ពីសារសំខាន់នៃសន្ធិសញ្ញា មួយនេះក្នុងការរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
ជាងនេះទៅទៀត កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើ ការគាំទ្រដល់ទីម័រខាងកើតក្នុងការចូលជាភាគីនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងទន្ទឹងរង់ចាំទីម័រខាងកើតចូលជាភាគីនៃសន្ធិសញ្ញានេះ នាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការធ្វើការជាមួយរដ្ឋអាវុធនុយក្លេអ៊ែរ ដើម្បីជំរុញការចុះហត្ថលេខា លើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងបានស្វាគមន៍រដ្ឋអាវុធនុយក្លេអ៊ែរ ដែលមានបំណងចុះហត្ថលេខាលើពិធីសារនេះដោយគ្មានការដាក់ខបម្រុង ដោយឈរលើមូលដ្ឋាន មកមុនទទួលមុន។
ចំណែកជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស គឺកិច្ចប្រជុំបានសរសើរកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការអនុវត្តផែនការការងាររយៈពេលប្រាំឆ្នាំ ២០២១-២០២៥ ហើយទន្ទឹង រង់ចាំការរៀបចំផែនការការងាររយៈពេលប្រាំឆ្នាំបន្ទាប់ ២០២៦-២០៣០ ដែលនឹងកំណត់ទិសដៅ អនាគតនៃកិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ កិច្ចប្រជុំក៏បាន កត់សម្គាល់របាយការណ៍ប្រចាំឆ្នាំ ២០២៤ (ខែកក្កដា ឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤) របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកទឹកចិត្តឱ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្សធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតាមវិស័យរបស់អាស៊ាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់អាស៊ានលើគម្រោង សកម្មភាពរួមគ្នា និងកិច្ចប្រជុំ ដើម្បីផ្លាស់ប្តូរទស្សនៈលើ ឧត្តមានុវត្ត ចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលប្រកប ដោយប្រសិទ្ធភាព៕