(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានថ្លែងបញ្ជាក់ថា យើងទាំងអស់គ្នាជាពិសេសសិល្បករ តារាល្បីៗ ជាអ្នកមានឥទ្ធិពលក្នុងសង្គម ត្រូវបន្តខិតខំប្រឹងប្រែងជួយផ្សព្វផ្សាយ អនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្តីពីកិច្ចសហការពង្រឹងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅសណ្ឋាគារ ហៃយ៉ាត់ភ្នំពេញ ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះហត្ថលេខានាឱកាសនេះ នឹងធ្វើឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ មានកម្លាំងកាន់តែធំ មានមធ្យោបាយកាន់តែធំ ហើយមានសំលេងកាន់តែច្រើននៅក្នុងការបញ្ជ្រាបការយល់ដឹង និងផលប៉ះពាល់នៃគ្រឿងញៀនទៅកាន់សាធារណៈជន យុវជន យុវនារី ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។
លោកបានបញ្ជាក់ថា នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រាជរដ្ឋាភិបាលតែមួយគឺមិនអាចធ្វើបានជោគជ័យនោះទេ ចាំបាច់ណាស់ត្រូវការកិច្ចសហការជាមួយគ្រប់ដៃគូរពាក់ពន្ធ័ទាំងអស់ ហើយក្នុងថ្ងៃនេះ គឺទទួលបានដៃគូរយ៉ាងល្អ ដែលមានសិល្បករ សិល្បការិនី ល្បីៗ សមាជិក សមាជិកា របស់ក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ជាង ៣ ពាន់នាក់ ដែលបានតាំងចិត្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
លោករដ្ឋមន្ត្រី ក៏ស្នើដល់សិល្បករ សិល្បការិនី តាមរយៈក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា សូមចូលរួមជាពាក្យពេជ្រ ឬក៏ក្នុងសកម្មភាពនៅកម្មវិធីប្រគុំតន្ត្រី និងកម្មវិធីផ្សេងៗក្តី សូមជួយបញ្ជ្រាបនូវសារទាំងឡាយទាក់ទងការអប់រំគ្រឿងញៀនឱ្យបានសកម្ម គ្រប់ពេល គ្រប់ទីកន្លែង។ ទន្ទឹមនេះ ស្នើដល់ក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា មានការផលិតជាចម្រៀង និងការ៉ាអូខេ មុនធ្វើការចាក់ផ្សាយ សូមដាក់សារអប់រំអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ជាមួយនេះក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ផលិតវីដេអូអប់រំខ្លីៗទាក់ទងពីផលប៉ះពាល់ផ្សេងៗនៃការប្រើប្រាស់គ្រឿងញៀន ដើម្បីចាក់ផ្សាយនៅតាមវិទ្យុ និងទូរទស្សន៍ទាំងអស់ដោយឥតគិតថ្លៃ។ វិធានការតាមរយៈសិល្បករ តារាល្បីៗទាំងនេះគឺជាមធ្យោបាយដ៏ធំមួយដែលត្រូវបញ្ចេញសារទៅតាមប្រព័ន្ធផ្សព្វផ្សាយផង ទៅតាមសិល្បករផង ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យយល់ដឹងច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ បើសិនយើងមិនប៉ះពាល់គ្រឿងញៀន ឳពុក ម្តាយយើង រួមទាំងយើងពិតជាមានក្តីស្រលាញ់ក្នុងការរៀបចំដំណើរជីវិត និងវាសនារបស់យើង ។ ប៉ន្តែបើយុវវ័យនោះប្រឡូកក្នុងការប្រើប្រាស់គ្រឿងញៀន មានន័យថាដំណើរជីវិតត្រូវចប់គ្មានន័យអ្វីទាំងអស់។
លោក នេត្រ ភក្ត្រា បានលើកឡើងនូវសំណូមពររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រី ឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យ ឯកជន និងបងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ក្នុងន័យនេះចាប់ផ្តើមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស រហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំ ក្រើនរំលឹកពីផលប៉ះពាល់ វិនាសកម្ម នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថាទេដាច់ខាតចំពោះ គ្រឿងញៀន។
នាឱកាសនេះដែរ លោកប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា។ កម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្កើតឡើងដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាង នេះទៀតគឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។
នាឱកាសនោះអ្នកឧកញ៉ា ឡេង ភក្រ្តា បានគូសបញ្ជាក់ថា ដើម្បីសម្រេចឲ្យបានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប នឹងដាក់ចេញនូវផែនការគោលមួយចំនួនរួមមាន៖ ទី១៖ ពង្រឹងសមត្ថភាព និងចំណេះដឹងដល់ បុគ្គលិកក្រុមហ៊ុនទាំងអស់ និងសិល្បករសិល្បការិនី ឲ្យកាន់តែទូលំទូលាយបន្ថែមទៀតពាក់ព័ន្ធនឹងផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន មុនពេលផ្សព្វផ្សាយ និងអប់រំ។ ទី២៖ ចូលរួមគ្រប់សកម្មភាពការងារផ្សព្វផ្សាយ និងអប់រំដែលជាតម្រូវការរបស់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល។ ទី៣៖ លើកទឹកចិត្ត បំផុសស្មារតី និងជំរុញឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន និងសិល្បករ សិល្បការិនី អ្នកផលិតកម្មវិធី អ្នកគ្រប់គ្រងកម្មវិធីឱ្យជួយបញ្ជ្រៀបពីខ្លឹមសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ទី៤៖ ខិតខំបង្កើតមាតិកាអប់រំល្អៗដើម្បីចាក់ឲ្យចំបេះដូងអ្នកស្តាប់ និងទស្សនា ៕