(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ បើកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ០៥ សីហា ២០២៤ខាងមុខនេះ តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
លោក ញ៉ឹក បានខេង បានឱ្យដឹងថា បើតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បានណែនាំឲ្យគ្រប់ស្ថាប័នអង្គភាពរដ្ឋ និងឯកជន គ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជួបជុំគ្នាដើម្បីត្រៀមរៀបចំធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ៩៖០៩នាទីព្រឹក នៅគ្រប់ទីកន្លែងឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ហើយនៅពេលយប់មានការអុជកាំជ្រួចផងដែរ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
លោក ញ៉ឹក បានខេង បន្ថែមទៀតថា គម្រោងនេះនឹងបង្កើតឱកាសល្អសម្រាប់កម្ពុជា ដើម្បីធានាមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រ បានដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដ៏ទៃ ជាពិសេសជួយឲ្យកម្ពុជាពង្រឹងបាននូវឯករាជ្យភាព ខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។
សូមបញ្ជាក់ផងដែរថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង កាត់ខេត្តចំនួន៤ ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ផ្លូវទឹកនេះ នឹងមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបាន ដោយសុវត្ថិភាព ដោយចំណាយទុនវិនិយោគប្រមាណ ១ ៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រហែល ០៤ឆ្នាំ៕