(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងបញ្ជាក់ថា ដើម្បីចូលរួបអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តកែប បានត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាពិសេសធ្វើសកម្មភាពរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ សំដៅអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។
លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប ដោយចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍តំណាងកងលាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជចំណុះអោយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា ដើម្បីឲ្យការផ្សព្វផ្សាយបានទូលំទូលាយ រដ្ឋបាលខេត្ត បាននិងកំពុងបន្តរុះរើស្លាកប៉ាណូ ស្រាបៀរនៅតាមដងផ្លូវសំខាន់ចេញ និងជំនួសវិញដោយស្លាកប៉ាណូគាំទ្រ និងអបអរសាទរ ការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ហើយអាជ្ញាធរក្រុង-ស្រុក ត្រូវចុះទៅពិនិត្យ និងចូលរួមអនុវត្តឲ្យបានឆាប់រហ័ស។
ទទ្ទឹមគ្នានោះស្រុកដំណាក់ចង្អើរ ដែលជាស្រុកមានព្រែកជីកហ្វូណនឆ្លងកាត់ ក៏ត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បូនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នឹងដង្ហែទៅជួបជុំគ្នានៅទីនោះ។ ចំពោះការរៀបចំទង់ជាតិ ទង់ជ្វាលា នៅតាមដងផ្លូវសំខាន់ៗ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែសីហា ខាងមុខនេះ ខណៈដែលនៅតាមទីវត្តអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ៕