(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉េរិកនៃក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញអំពីជំហដ៏រឹងមាំរបស់ADB ក្នុងការគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។
ជំនួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឱកាសដែលលោកស្រីចាន់ថាល វង់ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងជំនួបនេះជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់តាំងពីឆ្នាំ៩៩២មក ។ ADB បាននិងកំពុងសកម្មគាំទ្រ ចូលរួមចំណែកដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លើយតបនឹង យុទ្ធសាស្រ្ត ជាអាទិភាពរបស់រាជរដ្ឋាភិបាល ។
ឈរលើអភិក្រមរក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី និងដើម្បីចាប់យកនូវកាលានុវត្តភាពក្នុងបរិការណ៍នៃការផ្លាស់ប្តូរ យ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងសកលលោក, រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវឤទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម ក៏ដូចជាដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្រ្តចំនួន ៥៖ គឺ ១. ការសម្រេច បាននូវកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២.ការបង្កើនការងារ (ទាំងបរិមាណ និងគុណភាព), ៣. ការកាត់បន្ថយភាពក្រីក្រ, ៤.ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការ អភិវឌ្ឍសង្គមជាតិ និង៥. ការកសាងភាពធន់។
ជាមួយគ្នានេះ, លោមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានរួមចំណែកគាំទ្រនិងផ្តល់ឥណទានដល់វិស័យឯកជនសម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា ដែលវិស័យឯកជន និងការចូលរួមចំណែករបស់របស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងបរិយាបន្ន ។
លោកស្រី ចាន់ថាល វង់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ Excellence and in Good Hand។
ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៤-២០២៨ (CPS 2024-2028) ក្រោមសសរស្តម្ភចំនួន៣ គឺ៖ ១. ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលដឹកនាំដោយវិស័យឯកជន, ២. ការលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស និង៣. ការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ។ កម្ពុជា ក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។
លោកស្រី ចាន់ថាល វង់ ក៏បានបង្ហាញអំពីជំហដ៏រឹងមាំរបស់ ADB ក្នុងការគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះលោកអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ រួមមានការសម្រេចផ្តល់ហិរញ្ញប្បទានភ្លាមៗ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។ កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំនេះ កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់ដែលមានលទ្ធភាពស្តារស្ថានភាព សេដ្ឋកិច្ចឆ្ពោះទៅរកគន្លងកំណើនមុនវិបត្តិកូវីដ-១៩ បានយ៉ាងឆាប់រហ័សផងដែរ៕