(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្ដេជ្ញាជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ នឹងផ្ដោតសំខាន់លើការជំរុញការផ្សព្វផ្សាយនិងការទាក់ទាញទីផ្សារ ការពង្រឹងការតភ្ជាប់ទំនាក់ទំនងរបស់ផ្នែកឯកជន និងការជំរុញការផ្គូផ្គងផ្នែកឯកជន ក្នុងការលក់កញ្ចប់ទស្សនកិច្ច ក្នុងគោលដៅទាញយកភ្ញៀវទេសចរភ្លាមៗ។
លោករដ្ឋមន្ត្រីលើកឡើងនេះ នៅក្នុងសិក្ខាសាលាស្ដីពីការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា (Cambodia Tourism Revival) ដែលរៀបចំឡើងជាលើកដំបូងដោយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ហៅកាត់ថា (ក.ផ.ផ.) នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូកេត្រាភ្នំពេញ។
នាឱកាសនោះ លោករដ្ឋមន្ត្រី សុខ សូកេន បានរំឭកថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៨ ប៉ុន្តែជាអកុសល ដោយសារវិបតិ្តនៃជំងឺកូវីដ-១៩ ក្រុមប្រឹក្សាភិបាលនេះមិនបានដំណើរការនោះឡើយ។ រហូតដល់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនលោកក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការ ក.ផ.ផ. ឡើងវិញ។
បន្ទាប់ពីទទួលបានភារកិច្ចដ៏សំខាន់នេះ លោករដ្ឋមន្ត្រី សុខ សូកេន បានខិតខំជំរុញឱ្យមានការរៀបចំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍នេះឡើងវិញ ដោយបានធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋនិងវិស័យឯកជន។ ហើយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ចំណុចសំខាន់នៃការកែសម្រួលអនុក្រឹត្យនេះ គឺសមាសភាពតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងក្រុមប្រឹក្សាភិបាល ដែលមានការចូលរួមទូលំទូលាយជាងមុន ទាំងផ្នែករដ្ឋ និងឯកជន ក្នុងនោះតំណាងក្រសួងស្ថាប័នរដ្ឋសម្រាប់ក្រុមប្រឹក្សាភិបាលថ្មីមានរហូតដល់៨ក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងទេសចរណ៍ ដែលមានខ្ញុំបាទជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងផ្នែកឯកជនចំនួន ០៧រូប សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា ក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺឡាអេរ៉ូព័រ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុនអ៊ែរ អេស៊ា (ខេមបូឌា) ឯ.ក។ យ៉ាងណាម៉ិញ ផ្នែកឯកជនដែលមិនបានចូលរួមជាសមាជិក ក.ផ.ផ. នៅតែមានឱកាសចូលរួមជាមួយគ្នាក្នុងនាមគណៈកម្មពិគ្រោះយោបល់ផងដែរ។ ការរៀបចំក្រុមប្រឹក្សាភិបាលថ្មី ដែលមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធនេះ ដើម្បីជំរុញការសហការយ៉ាងជិតស្និតរវាងផ្នែករដ្ឋនិងវិស័យឯកជន ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន ឈរលើគោលការណ៍ជួយគិត ជួយធ្វើ និងឆន្ទៈម្ចាស់ការក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក.ផ.ផ. ក៏បានរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់ខ្លួន ដោយមានការចូលរួមផ្ដល់ធាតុចូលពីវិស័យឯកជនពាក់ព័ន្ធ ប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយ ដែលផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. សម្រាប់សកម្មភាពចំពោះមុខ (ក្នុងរយៈពេល ៦ខែនេះ) ក.ផ.ផ. នឹងផ្ដោតសំខាន់លើការជំរុញការផ្សព្វផ្សាយនិងការទាក់ទាញទីផ្សារ ការពង្រឹងការតភ្ជាប់ទំនាក់ទំនងរបស់ផ្នែកឯកជន និងការជំរុញការផ្គូផ្គងផ្នែកឯកជន ក្នុងការលក់កញ្ចប់ទស្សនកិច្ច ក្នុងគោលដៅទាញយកភ្ញៀវទេសចរភ្លាមៗ។ ដើម្បីជំរុញការងារនេះ ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំព្រឹត្តិការណ៍និងសកម្មភាពជំរុញទេសចរណ៍តាមរយៈយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ និងយុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ផ្ដោតសំខាន់លើការជំរុញការរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីទេសចរណ៍ (FAM-Trips) កម្មវិធីបង្ហាញសក្ដានុពលទេសចរណ៍ក្រៅប្រទេស (Roadshows) និងពិព័រណ៌ទេសចរណ៍ (Travel Fairs) ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសនៅខេត្ដសៀមរាប និងប្រទេសចិននិងឥណ្ឌា ដែលមានការចូលរួមពីផ្នែកឯកជន និងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានជាក់ស្ដែងភ្លាមៗ។ ក្នុងន័យនេះ ក.ផ.ផ. នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ដើម្បីរួមគ្នា សម្រេច ឱ្យបាននូវ ការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗទាំងនេះទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមក ទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
២. សម្រាប់សកម្មភាពរយៈពេលខ្លី (ក្នុងរយៈពេល៦-១២ខែ) ក.ផ.ផ. នឹងផ្ដោតលើការពង្រីកការយល់ដឹងពីកិត្តិនាមរបស់កម្ពុជានិងយុទ្ធនាការកំណត់ទីផ្សារក្រៅប្រទេស ដែលផ្ដោតសំខាន់លើយុទ្ធនាការទំនាក់ទំនងសាធារណៈ និងពង្រីកយុទ្ធសាស្ត្រទាក់ទាញទីផ្សារគោលដៅ សំខាន់ ៗ។
៣. សម្រាប់សកម្មភាពរយៈពេលមធ្យម និងវែង ក.ផ.ផ. នឹងផ្ដោតលើការពង្រីកការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈវេទិកានានា ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ (ទេសចរណ៍លំហែ បែបធុរកិច្ច និងសុខុមាលភាព) និងការជំរុញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។
លោករដ្ឋមន្ត្រីជឿជាក់ថា ការរៀបចំសិក្ខាសាលាស្តីពីការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជារបស់ ក.ផ.ផ នាពេលនេះ គឺសរបញ្ជាក់ពីពេលវេលាដ៏មានសារៈសំខាន់មួយក្នុងការជំរុញការវិវត្តន៍នៃឧស្សាហកម្មទេសចរណ៍ តាមរយៈការរៀបចំឡើងវិញនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានេះឡើងវិញ។ ហើយការជួបជុំគ្នានាពេលនេះ គឺជាឱកាសដើម្បីជំរុញវប្បធម៌សន្ទនាដែលមានលក្ខណៈយោគយល់ និងបើកទូលាយក្នុងចំណោមផ្នែកឯកជនពាក់ព័ន្ធសំខាន់ៗ ដើម្បីធ្វើការប្តេជ្ញារួមគ្នាក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី៕