(ព្រះវិហារ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា បានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ២៦វត្ត នៅទូទាំងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងពិធីប្រគេនទៀនព្រះវស្សានាព្រឹកមិញនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមពិធីនមស្សការព្រះរតនត្រៃសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត វេរទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងវេរភត្តាហារប្រគេនព្រះសង្ឃទាំង ២៦វត្ត មកពីឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលលោកអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យចូលព្រះវស្សា។ បុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ បុណ្យចូលព្រះវស្សាដែលមានរយៈពេលប្រមាណជា៣ខែនេះ ជាពេលវេលាដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។
លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងអ្នកឧកញ៉ា គៀន ស្រីនាង ជាពុទ្ធសាសនិកដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្លាំងក្លាយក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។
ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលព្រះវស្សានេះ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងអ្នកឧកញ៉ា គៀន ស្រីនាង តែងតែបានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ទីអារាមនានា ដើម្បីសម្រួលដល់ព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សារយៈពេលបីខែ។ នៅក្នុងឆ្នាំ២០២៤នេះ លោកទាំងពីរបានប្រគេនសរុបដល់ ៤៦វត្ត ក្នុងនោះមាន២៦ វត្តសម្រាប់ខេត្តកំពង់ធំ ១៣វត្តសម្រាប់ខេត្តពោធិ៍សាត់ និង៣វត្តសម្រាប់ខេត្តកណ្ដាល សរុបទឹកប្រាក់អស់ប្រមាណ ២៥០លានរៀល។
ក្នុងពិធីនាព្រឹកមិញនេះ ក្រៅពីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានជូនថវិកាដល់គណៈកម្មការ អាចារ្យមកពីតាមបណ្តាវត្តទាំង២៦ផងដែរ។
មនុញ្ញផលកើតចេញពីកាយវិការប្រកបធម៌នេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា និងបុព្វការីជនរបស់លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងបុព្វការីជនរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងរបស់ពុទ្ធបរិស័ទចូលរួមទាំងអស់ ដែលបានចែកឋានទៅកាន់បរលោក។
ព្រះសង្ឃ និងតាអាចារ្យមកពីតាមបណ្តាវត្តទាំង២៦ ក្នុងស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននាព្រឹកមិញនេះ ជាពិធីដ៏អធិកអធមលើកដំបូងហើយ ពោលជាពិធីកើតមានឡើងបន្ទាប់ពីលោកអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានតែងតាំងជាប្រធានគណៈពង្រឹងការងារក្នុងស្រុកប្រាសាទបល្ល័ង្កតែម្តង។
ព្រះសង្ឃ គណៈកម្មការ និងអាចារ្យវត្ត បានសម្តែងទឹកព្រះទ័យ និងទឹកចិត្តរីករាយ បានលោកអ្នកឧកញ៉ា ទ្រី ភាព ពុទ្ធសាសនិកប្រកបដោយសទ្ធាជ្រះថ្លា ចុះពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក ដែលនឹងក្លាយជាចលករដ៏សំខាន់ទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាក្នុងស្រុកប្រាសាទបល្ល័ង្ក៕