(ព្រះវិហារ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងជាបេសកកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិក-កម្មករចំនួន ១.៥០០នាក់។ បុគ្គលិក-កម្មករទាំងអស់នេះ កំពុងបម្រើការងារនៅក្នុងចំការកៅស៊ូទ្រីភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីនោះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានកោតសរសើរដល់បុគ្គលិកកម្មករទាំងអស់ ចំពោះការខិតខំ ឧស្សាហ៍ព្យាយាមបំពេញការងារតាមផែនការរបស់ក្រុមហ៊ុន និងធ្វើឱ្យក្រុមហ៊ុនមានវឌ្ឍនភាពជាបន្តបន្ទាប់។ លោកអ្នកឧកញ៉ា ក៏បានរំលឹកណែនាំដល់បុគ្គលិក-កម្មករ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព សុវត្ថិភាព នៅក្នុងចំការស៊ូ ក៏ដូចជានៅពេលធ្វើការក្នុងរោងចក្រកែច្នៃជ័រកៅស៊ូ។
ក្រុមហ៊ុនទ្រីភាព បានវិនិយោគដាំដុះកៅស៊ូលើទីតាំងខាងលើតាំងពីឆ្នាំ២០១១មកម្ល៉េះ។ មកដល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានដាំដុះកៅស៊ូលើផ្ទៃដីសរុបចំនួន ៥,៦៧០ហិកតា និងបានបើកមុខចៀរជ័រលើផ្ទៃដី ៣,៩០០ហិកតា ស្មើប្រមាណជា ៧០ភាគរយ នៃផ្ទៃដីដាំដុះសរុប ដែលអាចផលិតជ័រក្រែបប្រមាណ ៨,០០០តោនក្នុងមួយឆ្នាំ។
តាមរយការវិនិយោគដាំកៅស៊ូនេះ ក្រុមហ៊ុន បានចូលរួមជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក នឹងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបជាង ១,២០០នាក់ ដែលក្នុងនោះ ២០ភាគរយជាប្រជាពលរដ្ឋមូលដ្ឋាន និង៨០ភាគរយជាប្រពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗគ្នា ដូចជា៖ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។
ក្រៅពីផ្តល់ការងារហើយនោះ ក្រោមការងារគិតគូរពីសុខទុក្ខ ការលំបាករបស់កម្មករ, លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានផ្តល់កន្លែងស្នាក់នៅ បណ្ដាញទឹកភ្លើង សាងសង់ទីផ្សារ អាហារដ្ឋានសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើការលក់ដូរ។ ជាពិសេសក៏បានរៀបចំសាលារៀនសម្រាប់កូនៗរបស់បុគ្គលិកកម្មករទាំងអស់ ហេតុនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនាម័យផ្ទាល់ខ្លួន។
បុគ្គលិក-កម្មករដែលកំពុងបម្រើការងារនៅទីនេះ បានសម្តែងក្តីសប្បាយរីករាយ ព្រោះមានការងារធ្វើ មានចំណូលប្រចាំខែទៀងទាត់។ តាមរយៈការងារ និងប្រាក់ចំណូលពីការងារនៅចំការកៅស៊ូ ធ្វើឱ្យជីវភាពរបស់ពួកគេមានភាពល្អប្រសើរ៕